ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី និងអាជ្ញាធរក្រោមឱវាទ បានចុះដល់គេហដ្ឋានដើម្បី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានស្លាប់ និងរងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យក្រោយពីមានហេតុការណ៍អាក្រក់បាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ កន្លងទៅនេះ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ ៨រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅគេហដ្ឋានសពឈ្មោះ វិជ្ជា បញ្ញា ស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ (ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់) ត្រូវបានរៀបចំតាមប្រពៃណីខ្មែររួចរាល់ហើយ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខ និងសម្តែងក្តីរន្ធត់ជាមួយ នឹងភាពសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ នៃសពព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា នូវថវិកា៥លានរៀល ។ ដោយឡែកអំណោយសាខាកាកបាទក្រហមរាជធានីជាថវិកា២លានរៀលអង្ករចំនួន២០០គីឡូក្រាម,មី៥កេស,ទឹកក្រូច៥កេស,ត្រីខ៥យួរ, និងទឹកសុទ្ឋ១០កេស ។
បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពរួច លោក ឃួង ស្រេង ក៏បានបន្ដនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចុះសាកសួរសុខទុក្ខជនរងគ្រោះឈ្មោះក្រៀល អឿន ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្រុងសួងខេត្តត្បូងឃ្មុំ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃ និងបានផ្តល់អំណោយសាខាកាកបាទក្រហមរាជធានីជូនផងដែរ ដោយក្នុងនោះ បានប្រគល់ជូននូវថវិកា២លានរៀល, មី២កេស, ទឹកក្រូច២កេស, ត្រីខ២យួរ , និងទឹកសុទ្ឋ២កេស ។
លោក ឃួង ស្រេង អភិបារាជធានីភ្នំពេញក៏បានសំណេះ សំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅបន្ទប់ជាមួយគ្នា និងនៅសាលក្បែរៗនោះចំនួន៤៥នាក់ទៀត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ថា៖ អគារដែលរលំបាក់នោះជាប្រភេទសណ្ឋាគារស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុបានបាក់រលំនៅពីវេលាម៉ោងជិត៤ជិតភ្លឺថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ ដែលនេះជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុហើយបើតាមមន្ត្រីជំនាញនានាថ្លែងថាការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់ហើយសំណង់អគារនេះត្រូវបានក្រសួងរៀបចំដែនដីចុះហាមឃាត់ចំនួន២ដងរួចមកហើយប៉ុន្តែម្ចាស់ដែលជាជនជាតិចិនមិនព្រមស្តាប់ និងនៅតែបន្តសាងសង់ដោយចិត្តឯង ។ សំណង់នោះត្រូវបានសាសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡា សាងសង់ដោយការប្រើឆ្អឹងដែក ។ អគារកម្ពស់៧ជាន់ដែលរលំបាក់នេះ ត្រូវបានបញ្ចប់ការរុករកជួយសង្គ្រោះជនរងគ្រោះជាស្ថាពរនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះដោយ មានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ៕ សំរិត