ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធីចុះអនុស្សរណៈ យោគយល់គ្នា (MoU) ជាមួយ British Council នៃចក្រភពអង់គ្លេស ស្តីពីការបើកមជ្ឈមណ្ឌល ប្រឡងតេស្តអន្តរជាតិ IELTS (អាយអិល) នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ British Council នៃចក្រភពអង់គ្លេស ស្តីពីការបើកមជ្ឈមណ្ឌល ប្រឡងតេស្តអន្តរជាតិ IELTS (អាយអិល) នៅកម្ពុជា ក្រោមអធិបតីភាព លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Steward Clayton នាយកផ្នែកពាណិជ្ជកម្មអន្តរជាតិ តំណាងឯកអគ្គរាជទូត ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា និង លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានអ្នកចូលរួមជាង ៧០០នាក់ផងដែរ ។

លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានលើកឡើងថា ការចុះ MOU ថ្ងៃនេះ គឺជាការបង្កើនភាព ជាដៃគូសហការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង British Council នៃចក្រភពអង់គ្លេស ក្នុងការបើកឱ្យដំណើរការ មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS (អាយអិល) ដ៍ល្បីល្បាញ ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ IELTS (អាយអិល) គឺជាតេស្តអន្តរជាតិ ដែលមានការទទួលស្គាល់ពីគ្រឹះស្ថានអប់រំ និងស្ថាប័នអន្តរជាតិជុំវិញពិភពលោក ដោយផ្តោតសំខាន់លើជំនាញទាំង ៤ គឺការស្តាប់ ការអាន ការសរសេរ និងការនិយាយ។

លោកបានបន្ថែមថា ដើម្បីលើកទឹកចិត្តជូនដល់សិស្ស ដែលទទួលបានពិន្ទុ IELTS ខ្ពស់ ប៊ែលធីបានផ្តល់អាហារូបករណ៍ដូចជា៖

១. សិស្សទទួលបានពិន្ទុ 7.5 ឡើងទៅ នឹងបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស

២. សិស្សទទួលបានពិន្ទុ 6.5 ដល់ 7.0 នឹងបានអាហារូបករណ៍ 100% សិក្សានៅសាកលវិទ្យល័យ ប៊ែលធី អន្តរជាតិ ៤ឆ្នាំ

៣.សិស្សទទួលបានពិន្ទុ 5.5 ដល់ 6.0 នឹងបានអាហារូបករណ៍ 5០% សិក្សានៅសាកលវិទ្យល័យ ប៊ែលធី អន្តរជាតិ ៤ឆ្នាំ

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានមានប្រសាសន៍ថា ការបើកមជ្ឈមណ្ឌលតេស្ត IELTS (អាយអិល) គឺមានគោលបំណងវាស់ស្ទង់ សមត្ថភាពរបស់សិស្សផ្នែកភាសាអង់គ្លេសទូទៅ ក្រោយបញ្ចប់ការសិក្សាកម្រិតទី១២ (Level 12) និងមានសមត្ថភាព អាចទទួលបានពិន្ទុ IELTS (អាយអិល) ចាប់ពី 5.0 ឡើងទៅ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារទាំងក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ននិងទៅអនាគត។

កន្លងមកប៊ែលធី បានទទួលអាជ្ញាប័ណ្ណឱ្យដំណើរការតេស្តអន្តរជាតិជាច្រើន នៅកម្ពុជា ហើយប៊ែលធី នឹងបង្កើតមជ្ឈមណ្ឌលតេស្តអន្តរជាតិប៊ែលធី (BELTEI International Test Center) ដែលរួមមាន៖

១- តេស្ត IELTS (អាយអិល) តាមប្រព័ន្ធតេស្តអង់គ្លេស (British System)

២- តេស្ត TOEFL (ថូហ្វល), GRE (ជីអាអ៊ី) និង SAT (អេសអេធី) តាមប្រព័ន្ធតេស្តសហរដ្ឋអាមេរិក (American System)

៣- តេស្ត SASMO (សាស់ម៉ូ), AMO (អាម៉ូ), IJMO (អាយជេម៉ូ), SIMOC (ស៊ីម៉ក់) និងតេស្តជាច្រើនទៀត តាមប្រព័ន្ធតេស្តសឹង្ហបុរី (Singaporean System)

ជាមួយគ្នានោះដែរ លោក យ៉ក់ ង៉ុយ បានបង្ហាញនូវសេចក្តីសោមនស្ស រីករាយដែលបានអញ្ជើញជាអធីបតីក្នុងកម្មវិធី ចុះអនុស្សរណៈយោគយល់គ្នា និងកាត់ខ្សែបូរណ៌ប្រកាសបើកតេស្តអន្តរជាតិ IELTS (អាយអិល) ប្រចាំនៅកម្ពុជានាព្រឹកនោះ ៕អរុណរះ


ចែករំលែក៖