ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្លងផ្លូវទៅបុកម៉ូតូផ្លោងបុរសពីរនាក់ ទៅប៉ះរថយន្តមួយគ្រឿងទៀត រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ បើករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅម៉ូតូមួយគ្រឿង ពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់ផ្លោងទៅប៉ះរថយន្តមួយគ្រឿងទៀត រងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងនឹងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសជនជាតិបរទេសម្នាក់បើករថយន្ត CRV មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2I-3721 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ ទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវ៣៣៥បានបត់ឆ្វេងដៃជ្រុលទៅបុកម៉ូតូធំមួយគ្រឿងម៉ាក DBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HC-4803 ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ពេញទំហឹងបណ្តាលបុរសម្នាក់ផ្លោងទៅបះរថយន្តមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2974 ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ ទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវ៥៩២ បណ្តាលឲ្យបែកកញ្ចក់ខាងមុខ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមចំណែកម្នាក់ទៀត រងរបួសស្រាលបានឡើងជិះម៉ូតូកង់បីទៅសង្គ្រោះដោយខ្លួនឯង ។ ចំណែកអ្នកបើរថយន្តបង្កគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖