ភ្នំពេញ៖ រឿងរ៉ាវរបស់អតីតតារាចម្រៀង លោក បូ វិចិត្រ និងលោក សែម សង្វាត ដែលស្រាប់តែលេចមុខជាថ្មីជាមួយ និងរូបរាងកម្សត់ គួរឲ្យអាសូរ បានទាញចិត្តទស្សនិកជនជាច្រើនកើតចិត្តអាណិតពួកគាត់គ្រប់គ្នា ។
លោកសែម សង្វាតគឺជាអតីតសមាជិកក្រុម EV Bandរួមជាមួយ អ្នកនាង យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត ។ ជាង១៥ឆ្នាំហើយដែលខ្សែជីវិតអភព្វរបស់អតីតតារាចម្រៀងសែមសង្វាតទើប និងត្រូវបានទម្លាយជាមួយ និងរូបរាងស្គមស្គាំងមានជំងឺប្រចាំកាយគួរឲ្យអាសូរ ។
លោកសែម សង្វាត បានបាត់មុខចេញឆ្ងាយពីវិស័យសិល្បៈ ធ្វើឲ្យក្រុមអ្នកគាំទ្រ ក៏ដូចជាមហាជនមានសេចក្ដីនឹករលឹក ដល់រូបលោកជាខ្លាំង ។ ម្ចាស់បទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន»រូបនេះធ្វើឲ្យទស្សិកជនកាន់តែអាណិតក្រោយពីដឹងថា លោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាម និងគេសោះ ។
តាមការបញ្ជាក់របស់លោក សែម សង្វាត បានលើកឡើងថាក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោក បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ និង ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី នៅឯក្រុងប៉ោយប៉ែត ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់ ។ លោកបានត្រឡប់មកភ្នំពេញវិញ កាលពីកំឡុងឆ្នាំ ២០១៥ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង ។ លោកជួបប្រទះ នឹងការលំបាកច្រើន ព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខ ខណៈដែលកូនៗសុទ្ធតែស្ថិតក្នុងវ័យសិក្សា ។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស ។
ទន្ទឹមគ្នានេះដែរ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសង្កែរ គឺលោក បូ វិចិត្រ វិញក៏កំពុងធ្លាក់ក្នុងជីវភាពក្រលំបាក ថែមទាំងមានបញ្ហាការចងចាំថែមទៀត បន្ទាប់ពីបានជួបនៅគ្រោះថ្នាក់ចរាចរណ៍ ។ តារាចម្រៀងកូនចិន ត្រូវបានគេប្រទះឃើញ មកធ្វើជាអ្នករយែឡានឲ្យគេនៅម្ដុំផ្សារស៊ីលិប ក្នុងសភាពគួរឲ្យសង្វេគ ត្បិតថា ស្មារតីអតីតតារាចម្រៀងហាក់មានភាពមិនប្រក្រតី ក្នុងនោះ តាមព័ត៌មានដោយសារតែលោក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ៕ វឌ្ឍនា