ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនមិនប្រកាន់ស្ដាំ ប្រលះរថយន្តកុងតឺន័របញ្ច្រាសគ្នារបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកាម៉ារីបាឡែនបើកមិនប្រកាន់ស្ដាំ ប្រលះជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបណ្ដាលឲ្យរងរបួសម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១១:១៥ នាទីយប់ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២១ និង១២២ ស្ថិតក្នុងភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសដែលបើករថយន្តបង្កហេតុមានឈ្មោះម៉ាប់ មុខរបរ លក់ដូររស់នៅភូមិ បាក់រនាស់ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្ដកុងតឺន័រ ពណ៌ បៃតង+ស ពាក់ស្លាកលេខ ភ្នំពេញ ៣A ៨៦៥៧ សុឺមីរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A ៦២៨៦ មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗផងដែរ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្ដ ម៉ាកកាម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២U១២៦៣ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២១ និង១២២ ក្នុងទិសដៅពីកើតមកលិច ខណៈមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុក នឹងរថយន្ដកុងតឺន័រ បញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក សមត្ថកិច្ចបានមកដល់អន្តរាគមន៍យកអ្នករងរបួសបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងមធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖