ប៉ោយប៉ែត៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ កំពុងតែរិះគន់យ៉ាងខ្លាំងទៅលើក្រុមមន្ត្រី ដែលគ្រប់គ្រង់ជញ្ជីងចល័តថ្លឹងរថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុច កូនដំរី ឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា កំពុងតែបណ្ដោយឲ្យរថយន្តដឹកខ្សាច់លើសទម្ងន់ពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះមកក្រុងប៉ោយប៉ែត ដោយមិនបានទប់ស្កាត់ ឬអនុវត្តន៍ តាមអនុសាសន៍របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នោះទេ គ្រាន់តែបង់ប្រាក់រួចទៅបាត់ ដោយធ្វើឡើងជារៀងរាល់ថ្ងៃ មិនថា រថយន្តដឹកខ្សាច់នោះឡើយ សួម្បីតែរថយន្តដឹកកសិផល ក្នុងស្រុក ក៏ក្រុមជញ្ជីងចល័ត តម្រូវឲ្យបង់ប្រាក់ទើបឆ្លងកាត់បាន ។ មិនតែប៉ុណ្ណោះ គេមើលឃើញថា នៅតាមដេប៉ូខ្សាច់មួយចំនួន ក្នុងក្រុងប៉ោយប៉ែត គេឃើញរថយន្តភ្លៅ៤ និងភ្លៅ៥ ផ្ទុកលើសទម្ងន់ជាច្រើន រថយន្តទាំងនោះគេធ្វើចរាចរណ៍តែពេលយប់ ដើម្បីបញ្ចៀសភ្នែកអ្នកធ្វើដំណើរ និងងាយស្រួលបង់ប្រាក់ផង ។
ប្រភពតៃកុងរថយន្តដឹកខ្សាច់បង្ហើបថាៈ រថយន្ត ដឹកខ្សាច់ពីខេត្តពោធិ៍សាត់ មកចូលទីក្រុងប៉ោយប៉ែត ដាក់ស្តុបទៅតាមដេប៉ូនិមួយៗ ក្នុងមួយរថយន្តលើសទម្ងន់ពី២០ទៅ៣០តោន ចំពោះរថយន្តភ្លៅ៥ ដែលធ្វើឲ្យផ្លូវជាតិប្រេះស្រុតខូចជាបណ្ដើរ ហើយក្រុមរថយន្តទាំងនោះ បង់ប្រាក់មានចំនួនពីកន្លែង ក្នុងខេត្តពោធិ៍សាត់មួយកន្លែង នៅចំណុចជញ្ជីងកូនដំំរីមួយកន្លែង ចំពោះការបង់ប្រាក់ទាំងពីរទីតាំងនេះ មួយទីតាំងចំនួន ១០ម៉ីនរៀល តាមទម្ងន់ ដែលផ្ទុកលើសតិច ឬច្រើន ភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពាក់ព័ន្ធនឹងអំពើពុករលួយ តាមរយៈបង្ខំឲ្យឈ្មួញបង់លុយ ជាក្បាលឡាន និងក្រុមហ៊ុនដឹកជញ្ជូនឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនតាមរថយន្ត ដែលធ្វើឲ្យខូចខាតផ្លូវជាតិ/ផ្លូវបេតុង និងផ្លូវលំ កាន់តែរីកសុះសាយនូវការប្រព្រឹត្តដោយ មន្ត្រីរបស់ស្ថានីយជញ្ជីងកូនដំរី កំពុងតែអនុវត្តន៍លើខ្នងរាជរដ្ឋាភិបាល បើទោះ ទេសរដ្ឋមន្ត្រី បានដក់តំណែងមន្ត្រីប្រព្រិត្តអំពើរពុករលួយមួយចំនួនរបស់ស្ថានីយជញ្ជីងតាមបណ្ដាខេត្ត និងឲ្យក្រុមមន្ត្រីជញ្ជីងចល័តប្រុងប្រយ័ត្ន និងអនុវត្តឲ្យតម្លាភាពក៏ដោយ ក៏នៅមិនអនុវត្តតាមនោះដែរ ។
ទោះយ៉ាងណា ករណីខាងលើនេះ លោក ប៉ាល់ សុមេដា ប្រធានគ្រប់គ្រងស្ថានីយជញ្ជីងកូនដំរី ក្រុមអ្នកសារព័ត៌មានទាក់ទងសុំការបកស្រាយ ទូរស័ព្ទចូលច្រើនដង តែគ្មានអ្នកទទួល ៕នីមវណ្ណា