ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ និងស្វាយស សហការចុះពិនិត្យ និងឆែកឆេរផ្ទះសំណាក់ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដកហូតនូវវត្ថុតាង និងអាវុធខ្លីចំនួន ០១ដើម ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង០៨នាទីព្រឹក ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចព្រំប្រទល់ឃុំឈើតុំ និងស្វាយស ក្នុងផ្ទះសំណាក់យីហោ(សុខម៉េង) ស្ថិតក្នុងភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ព្រីម សីលា(ហៅផើង) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ សុន មុំ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាង និងសម្ភារៈរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ តូចចំនួន ០២កញ្ចប់ ធំល្មមចំនួន ០២កញ្ចប់ និងធំចំនួន ០២កញ្ចប់ អាវុធខ្លីចំនួន ០១ដើម មានលេខ 021311 និងគ្រាប់ចំនួន ០៣គ្រាប់ លុយចំនួន ១០,៥០០០រៀល លុយបាតចំនួន ១២២០បាត និងចំនួន ២៣៥ដូល្លារអាមេរិច ទូរស័ព្ទ និងរថយន្ត ១គ្រឿងផងដែរ ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន រួមទាំងវត្ថុតាង និងសម្ភារៈខាងលើនេះ កម្លាំងនាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន