ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកស្លាប់ដោយសារក្តៅខ្លាំងនៅអឺរ៉ុប​

ចែករំលែក៖

មកទល់ពេលនេះ ​មានមនុស្សពីរនាក់ស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ ដោយសារតែរលកកំដៅ វាយប្រហារតំបន់អឺរ៉ុប ។ ទីក្រុងជាច្រើននៅអឺរ៉ុប មានសីតុណ្ហភាពកើនឡើងដល់ទៅ​៤៥អង្សាសេ ដែលជាកំដៅក្តៅខ្លាំងបំផុតមិនធ្លាប់មាន ។ ជាក់ស្តែងទីក្រុងប៉ារីស ប្រទេសបារាំង មានកម្តៅកើនឡើង ៤៥អង្សាសេ​ ។

សារព័ត៌មានCNN នៅថ្ងៃទី​២៩ ខែមិថុនា បានផ្សាយថា តំបន់ជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតែទទួលរងនូវរលកកម្តៅប្រចាំឆ្នាំ ដែលបាន និងកំពុង បង្កទៅគ្រោះមហន្តរាយផងដែរ ខណៈនៅអេស្ប៉ាញមានសេចក្តីរាយការណ៍ថា មនុស្ស០២នាក់ហើយបានបាត់បង់ជីវិត ហើយនៅទីក្រុងប៉ារីសប្រទេសបារាំងវិញ សីតុណ្ហភាពបានកើនឡើងខ្ពស់ដល់ជាង ៤៥អង្សាសេជាលើកដំបូងបំផុត ជាហេតុធ្វើឲ្យការធ្វើដំណើរក្នុងទីក្រុងមានភាព លំបាក ។

រលកកម្តៅបានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់មួយឈ្មោះ វីលវីយី (Villevieille) នៃសង្កាត់ហ្គាដ (Gard) ទីក្រុងប៉ារីស ដោយកម្តៅនៅទីនោះគឺលោតដល់ ៤៥.១អង្សាសេឯណោះ ខណៈកម្រិតកម្តៅកន្លងមក ដែលតំបន់នេះធ្លាប់កើនឡើងខ្ពស់បំផុតនោះគឺតែ ៤៤.១អង្សាសេប៉ុណ្ណោះ កាលពីកំឡុងខែសីហា ឆ្នាំ២០០៣ ។ បើតាមការព្យាករណ៍កន្លងមក ប្រទេសបារាំង អេស្ប៉ាញ និងអ៊ីតាលី តែងតែទទួលរងរលកកម្តៅខ្លាំងជាងប្រទេសផ្សេងៗទៀត នៅទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ ។

គួរបញ្ជាក់ថា បើតាមអង្គការឧតុនិយមពិភពលោក (WMO) ឆ្នាំ២០១៩នេះត្រូវបានចាត់ចូលទៅក្នុង បណ្តាឆ្នាំនៃការវាយលុកដោយរលកកម្តៅខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃភពផែនដី ហើយប្រទេសនៅតំបន់ត្រូពិក អេក្វាទ័រ និងត្រជាក់បង្គួរអាចនឹងទទួលរងគ្រោះធ្ងន់ជាងគេ ។ ក្រុមអ្នកគាំពារបរិស្ថានបានអះអាងថា រលកកម្តៅកើនឡើងខ្ពស់មិនធ្លាប់មានបែបនេះ គឺពិតណាស់ថាត្រូវបានបង្កឡើងដោយ កំណើននៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាប់បំផ្លាញព្រៃឈើ៕


ចែករំលែក៖