ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួល ជួបជាមួយអនុរដ្ឋមន្ត្រីក្រសួង បរិស្ថានជប៉ុន ដើម្បីពិភាក្សា លើការងារ​បរិស្ថាន និងជំរុញការអភិវឌ្ឍ​ ក្នុង​រាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោកមីណូរុ គីអ៊ូឈី (H.E.Minoru KIUCHI) ដើម្បីពិភាក្សា​ការងារ ​ពាក់ព័ន្ធ​ការគ្រប់​គ្រង​សំរាម ការងារ​ដឹក​ជញ្ជូន ការងារ​លូប្រ ឡាយ និងប្រព័ន្ធ​ទឹក​សម្អុយ​ និងការងារ​អភិរក្ស​បរិស្ថាន ដើម្បី​កែលម្អ​បរិស្ថាន និងជំរុញការអភិវឌ្ឍ ​ក្នុង​រាជធានីភ្នំពេញ​។ ជំនួប នេះ បានប្រព្រឹត្ដទៅកាលពីរសៀល​ថ្ងៃ​សុក្រ ១១រោច ខែជេស្ឋ ឆ្នាំ​កុរឯកស័កព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩​នៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបសម្ដែងការគួរសមនោះដែរក៏មានវត្តមានលោក ហូរីណូអ៊ូឈី ហ៊ីដេហ៊ីសា( H.E.HORINOUCHI Hideh isa ) ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក សូហ្គាណូ យូអុីឈី (Mr. Sugano Yuichi )ប្រធាន​JICA ប្រចាំកម្ពុជា លោក គូសុីយ៉ាម៉ា សាតូរុ( Mr.Kushiyama Satoru) ប្រធាន​មន្ទីរ​បរិស្ថាន​គីតា​គ្យូស៊្សូ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍនៅរាជធានីភ្នំពេញ ភាគីទីក្រុង បាននិងកំពុងគាំទ្រដោយបង្កើតនូវផែនការយុទ្ធសាស្ត្រ សំរាប់គាំពារការបម្រែបម្រួល អាកាសធាតុ ដោយផ្តោតលើការងារអាទិភាពចំនួន៦ រួមមាន៖ ការងារគ្រប់គ្រងសំរាម, ការងារថាមពល, ការងារដឹកជញ្ជូន, ការងារលូប្រឡាយ និងប្រព័ន្ធទឹកសម្អុយ, ការងារអភិរក្សបរិស្ថាន និងការងារផលិតផលបៃតង។

លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចនេះ គឺទី១៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងគីតា គ្យូស៊្សូ ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព, ទី២៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោង ដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស៊្សូ និងទីក្រុងភ្នំពេញ លើការគ្រប់គ្រងសំណល់រឹង នៅក្នុងរាជធានីភ្នំពេញ និងទី៣៖ ដើម្បីថ្លែងអំណរគុណ ដល់ក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែចំណាយពេលវេលា ក្នុងការជួបពួកគាត់ នៅពេលដែលពួកគាត់មកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ៕ សំរិត


ចែករំលែក៖