ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសចេញជាផ្លូវការនូវ “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល២ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland)។
ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន សរសេរថា “ស្របពេលជាមួយគ្នានេះដែរ ខ្ញុំនឹងប្រកាសចេញជាផ្លូវការនូវ “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផងដែរ។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ដែលកំពុងរង់ចាំទទួលស្វាគមន៍សម្តេចនៅទីក្រុងហ្សឺណែវ និង សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់ៗគ្នា៕
ដោយ៖ ចេស្តា