ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតដួលអស់មួយកង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបងឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D 5237 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលក្បាលនាគមួយកង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ