ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន អាមេរិក បន្តសហការរកស៊ីជាមួយ ក្រុមហ៊ុន Huawei ដដែល ដើម្បីកាត់បន្ថយភាពតានតឹង ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន ហួវាយទើបជាអ្នកសម្រេចរឿងនោះ វិញម្តង ។
បច្ចុប្បន្ន ក្រុមហ៊ុនHuawei បានបង្កើតគំរោងប្រប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS ក្រោយពេល អាមេរិក ហាមក្រុមហ៊ុននេះប្រើប្រាស់ Android របស់Google ។
នៅពេលនេះក្រុមហ៊ុនអាមេរិក Google ដែលជាម្ចាស់នៃប្រព័ន្ធដំណើការ Android អាចបន្តការរកស៊ី ជាមួយក្រុមហ៊ុនយក្សចិន Huawei ដដែល ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាស នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន ។
ទោះបីជាបែបនេះក្តី ការសម្រេចចិត្តគឺត្រូវរង់ចាំ Huawei ជាអ្នកសម្រេចវិញថា តើក្រុមហ៊ុននេះចង់បន្តគំរោង ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS និង Ark OS ឬក៏ចង់បន្តជាវសេវាកម្មពី Google ដដែល ។ ប៉ុន្តែបើតាមអ្វីដែលគេចាំមិនភ្លេចទេនោះ ក្រុមហ៊ុន Huawei ធ្លាប់បញ្ជាក់ជាច្រើនដងរួចមកហើយ ខ្លួនបានស្វែងយល់អំពីផលលំបាក នៃក្រុមហ៊ុនជាមិត្តទាំងអស់នៅអាមេរិកដែលត្រូវបានបង្ខំចិត្តឲ្យផ្តាច់ទំនាក់ទំនង ជាមួយ Huawei ប៉ុន្តែក្រុមហ៊ុនចិនមួយនេះនៅតែចង់បានប្រព័ន្ធប្រតិបត្តិការ Android និង Windows ជាអាទិភាព ដើម្បីបំពេញតម្រូវការដល់អថិជនសកល ជាពិសេសនៅទ្វីបអឺរ៉ុប អាមេរិកឡាទីន និងអាស៊ីដែលជាទីផ្សារធំៗ របស់ខ្លួននៅក្រៅប្រទេស ដែលស្រឡាញ់ Android និង Windows ។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះគេនៅមិនទាន់ដឹងថា តើក្រុមហ៊ុន Huawei នឹងអាចមានការ សម្រេចចិត្តថ្មីទៀតនោះឡើយ ប៉ុន្តែអ្ន កវិភាគកន្លងមកធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Huawei ទំនងជាអាចយក Hongmeng OS សម្រាប់អថិជននៅក្នុងប្រទេសចិន ដោយសម្រួលឲ្យមានប្រព័ន្ធអេកូឡូជិខលជិតស្និទ្ធជាមួយ Android ។ ដោយឡែក សម្រាប់ Ark OS ដែលត្រៀមសម្រាប់អថិជនអន្តរជាតិវិញ គឺជាអាចក្លាយជាជម្រើសវិញថា តើអថិជនបរទេសនោះចង់បាន Android ឬ Ark OS សម្រាប់ទូរស័ព្ទ Huawei របស់ពួកគេ ។
សម្រាប់ព័ត៌មានលម្អិត និងផលិតផលថ្មីៗរបស់ Huawei នឹងត្រូវរង់ចាំរហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ដែលជាពេលក្រុមហ៊ុនចិននេះ គ្រោង និងបញ្ចេញ Huawei Mate 30 series និង Huawei Mate X (ទូរស័ព្ទបត់អេក្រង់ដំបូង) ហើយក្រុមហ៊ុនបានប្រកាសរួចទៅហើយថា ស៊េរីថ្មីៗទាំងពីរនឹងដំណើរការដោយ ប្រព័ន្ធ ដំណើរការ Android ចុងក្រោយ (Q) ។ បន្ថែមពីនេះទូរស័ព្ទស៊េរី Mate 20, P 30 ព្រមទាំង Honor និង Nova ស៊េរីខ្ពស់ៗផ្សេងទៀត ក៏នឹងទទួលបានការ Update ទៅ Android Pie ផងដែរ៕