ភ្នំពេញ ៖ យ៉ាងហោចណាស់មានក្រុមកីឡាករបាល់ទាត់កម្ពុជា ចំនួន៨រូប នឹងដំណើរទៅចក្រភពអង់គ្លេស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ពិភពលោក ជនគ្មានទីពឹង ដែលជាកម្មវិធីប្រកួតបាល់ទាត់ប្រចាំឆ្នាំ ក្នុងគោលបំណង ដើម្បីផ្តល់កម្លាំងចិត្ត ដល់ជនគ្មានទីពឹងទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ ។
ការចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង បានជួយដល់យុវជនវ័យក្មេង របស់កម្ពុជា៦០នាក់ ឲ្យមានឪកាសផ្លាស់ប្តូរ ជីវិតរបស់ពួកគេ នៅក្នុងទសវត្សរ៍ ចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់១០នាក់ បានក្លាយជាគ្រូបង្វឹក និងមួយចំនួនទៀតធ្វើការក្រៅម៉ោង ជាមួយអង្គការ HFCA ដើម្បីហ្វឹងហាត់កីឡាករបាល់ទាត់ជំនានក្រោយ ។
ស្ថាបនិក HFCA លោក Paraic Gorgan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ថា ៖ ឥទ្ធិពលជាវិជ្ជមាន ដែលការប្រកួតក្នុង កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹងនេះ ទៅលើ យុវជនវ័យក្មេងនៅជុំវិញពិភពលោក រាបញ្ជូនទាំងនៅប្រទេសកម្ពុជា ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងទាំងអស់ទទួលបានតំលៃតបស្នងយ៉ាងសមស្រប ។
លោកស្រី Tina Redshaw អគ្គរាជទូតតំណាងចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំសូមស្វាគមន៍ ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹង នៅទីក្រុង ខាឌីស ។
ថ្លែងក្នុងកម្មវិធីនោះដែរ លោក Jonathan Yap ប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសាជីកម្ម របស់ក្រុមហ៊ុន ស្មាត (Smart Axiata) បានឲ្យដឹងថា ការប្រកួត បាល់ទាត់ពិភពលោក ជនគ្មានទីពឹង បានផ្តល់ឪកាសជាច្រើន សម្រាប់ក្មេងៗ កម្ពុជា ពីអង្គការ HFCA ក្នុងការបង្ហាញ សមត្ថភាព ទាត់បាល់ ក្នុងអំឡុងពេលទៅលេង នៅក្រៅប្រទេស និងជួបជាមួយមិត្តភ័ក្តិ មកពីប្រទេសផ្សេងៗ ផងដែរនោះ ។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹង បានធ្វើឡើងតាំងពីឆ្នាំ២០០៣មកម៉្លេះ ដែលពេលនោះ មានត្រឹមតែ១៨ក្រុមប៉ុណ្ណោះ បានចូលរួម ។ នៅឆ្នាំ២០១៩នេះ មាន៧២ក្រុម មកពី៤៨ប្រទេសចូលរួម នៅក្នុងព្រឹត្តិការណ៍ ដ៏ធំបំផុតមិនធ្លាប់មាន ។ អង្គការបាល់ទាត់រីករាយ កម្ពុជាអូស្រ្តាលី HFCA ដែលបានសម្របសម្រួល ឲ្យមាន វត្តមានរបស់ក្រុមកីឡាករ ឲ្យមាននៅក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា បានចូលរួមការប្រកួតនេះដំបូងបង្អស់ នៅឆ្នាំ២០០៨ ខណៈពេលដែលការប្រកួតនេះ បានកំពុងប្រារព្ធធ្វើនៅទីក្រុងម៉ែលបន ប្រទេសអូស្រ្តាលី ៕ វឌ្ឍនា