ព័ត៌មានទាន់ហេតុការណ៍៖

លេចដំណឹង ទេព បូព្រឹក្ស ដើរចេញពីហង្សមាសជាផ្លូវការ ក្រោយគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត តារាចម្រៀង ​កញ្ញា ទេព បូព្រឹក្ស បានសម្រេចចិត្តដើរចេញពីផលិតកម្មហង្សមាស ហើយបន្ទាប់ពីផុតកិច្ចសន្យា ។ ដំណើរចាកចេញនេះ គឺធ្វើឡើងក្រោយពីគូស្នេហ៍នាងគឺលោក ជា ដេវីត បានចេញពីផលិតកម្មនេះមកធ្វើជាតារាចម្រៀងឯករាជ អស់ជាង១ឆ្នាំមកហើយនោះ ។

យោងតាមប្រភពក្រៅផ្លូវការដែលបានទម្លាយពី​អ្នកចម្រៀងម្នាក់​បានលើកឡើងថា ទេព បូព្រឹក្សបានផុតកុងត្រា(កិច្ចសន្យា)ជាមួយផលិតកម្មហង្សមាសហើយ ហើយនាងក៏មិនទទួលបានការស្នើឲ្យបន្តកុងត្រាបន្តទៀតនោះទេ ។

ប្រភពបញ្ជាក់ថា មិនមានហេតុផលជាក់លាក់ណាមួយដែលផលិតកម្មលំដាប់ជួរមុខនៅកម្ពុជានេះបង្ហាញនៅឡើយ ប៉ុន្តែមានការខ្សិបខ្សៀវថា ផលិតកម្មហាក់អាក់អន់ចិត្តខ្លះជាមួយជាដេវីត ខណៈដែលផលិតកម្មក៏មានតារាជាច្រើនណែនក្នុងដៃស្រាប់រួចទៅហើយដែរ ។

ប្រភពដដែលបានបញ្ជាក់ដែរថា កិច្ចសន្យាត្រូវបានផុតកំណត់ចាប់តាំងពីអំឡុងសប្តាហ៍មុនម្ល៉េះហើយជាធម្មតាក្រុមហ៊ុននឹងចុះកិច្ចសន្យាបន្តមុនពេលដាច់កិច្ចសន្យាចាស់ ប៉ុន្តែការមិនបន្តកិច្ចសន្យាថ្មីនេះហាក់បង្ហាញពីភាពមិនអើពើសម្រាប់តារាចម្រៀង ទេព បូព្រឹក្យ ។ មានការលើកឡើងដែរថាបទចម្រៀងថ្មីរបស់នាងនៅសល់ចំនួន២បទទៀតប៉ុណ្ណោះដែលបានថតចប់និងមិនទាន់បានបញ្ចេញ ។ ទោះជាយ៉ាងណាផលិតកម្មហាក់មានតារាចម្រៀងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងដៃ ស្របពេលដែលពេលនេះ តារាចម្រៀងចំណូលថ្មី ពេជ្រ សូលីកា ក៏បានតំណែងជាតារាចម្រៀងពេញសិទ្ធិក្នុងផលិតកម្មនេះផងដែរ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ ឬការប្រកាសពីតារាចម្រៀងទេព បូព្រឹក្សជាផ្លូវការនៅឡើយដែររហូតមកដល់ពេលនេះ ។ ទោះជាយ៉ាងណាទីផ្សារការងារសិល្បៈរបស់នាងក៏នឹងមិនអាចបញ្ចប់ទាំងស្រុក ឬអាចដាំក្បាលចុះនោះទេ ខណៈដែលនាងក៏មានគូស្នេហ៍ដែលជាបង្អែកក្នុងការនិពន្ធបទភ្លេង និងទំនុកច្រៀងដ៏ប៉ិនប្រសប់ ហើយគេអាចសន្និដ្ឋានបានថានាងក៏នឹងក្លាយជាតារាចម្រៀងឯករាជថ្មីមិនខុសពីគូស្នេហ៍នាងនោះទេ៕ វឌ្ឍនា


ចែករំលែក៖