ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយបើករថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យក្មេងម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ លោក ហុង សុគណ វឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ នៅ ត្រង់ចំណុចមុខផ្ទះលេខ០៨៩ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនបង្កដែលតុលាការសម្រេចឃុំខ្លួននេះ ឈ្មោះ វ៉ា វន្នី អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ភ្នំ ឃុំកំពង់ពោធិ៍ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់ និងរបួសអ្នកដទៃ» តាមបញ្ញត្តិមាត្រា៨៣និង៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ០៨៩ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3D-1691 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុកនឹងម៉ូតូរ៉ឺម៉ក បណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ ហើយភ្លាមៗនោះ រថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលចង្កូតទៅបុកក្មេងសិស្សសាលា២នាក់ទៀតកំពុងជិះកង់បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្នរង់ចាំកាត់ទោសនៅពេលក្រោយ ៕ស រស្មី


ចែករំលែក៖