ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះ មានករណីលោកនេនមួយអង្គ រត់ចេញពីវត្តទួលពង្រ ស្ថិតនៅក្នុងភូមិទង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរ និងព្រះសង្ឃ ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរឿងនេនតូចរត់ចេញពីវត្ត ធ្វើឲ្យមហាជន រិះគន់លើព្រះសង្ឃដែលគង់នៅក្នុងវត្តរតនារាម ហៅវត្តផ្សារកណ្តាល ជាខ្លាំង បន្ទាប់ពីមាន អាខោនហ្វេសប៊ុករបស់លោក “នួន នីគីដា” បានបង្ហោះថា ព្រះសង្ឃគង់នៅវត្ត រតនារាមហៅ វត្តផ្សារកណ្តាល មិនព្រមទទួលឲ្យលោកនេនតូចសឹង(ដេក) ថែមទាំងដេញឲ្យយកទៅសឹងនៅផ្ទះសំណាក់ទាំងយប់ ។
ម្ចាស់អាខោន “នួន នីគីដា” លោក នួន នីគីដាបានប្រាប់តាមទូរស័ព្ទថា នៅយប់កើតហេតុថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោកទទួលព័ត៌មានពីនគរបាលការពារព្រំដែន ថា មានលោកនេនអង្គតូច បានមន្តរត់កាត់ទឹកភ្លៀង ទាំងកណ្តាលអធ្រាត្រ ទឹកមុខភ័យខ្លាចយំ ស្លន់ស្លោ ក៏បានយកនេនតូចអង្គនោះ មកសុំព្រះសង្ឃដែលនៅគង់វត្តផ្សារកណ្តាល ក្រុងប៉ោយប៉ែត តែបែរជាព្រះសង្ឃមិនទទួលលោក ស្នាក់នៅ ដេញឲ្យយកលោកនេះអង្គនោះទៅសឹងផ្ទះសំណាក់ ធ្វើឲ្យផ្ទុះពាក្យសំដីជាមួយសមត្ថកិច្ចទៀតផង ។
ជុំវិញករណីរិះគន់តាមបណ្តាញសង្គមហ្វេកប៊ុក ទៅលើព្រះសង្ឃគង់នៅវត្តផ្សារកណ្តាលនេះ ក្រុមការងាររកការបកស្រាយពីព្រះសង្ឃដែលគង់នៅវត្តផ្សារកណ្តាលបានមានសង្ឍដីកាថា លោកមិនចង់បកស្រាយអ្វីច្រើននោះទេ? នៅយប់កើតហេតុ ព្រះសង្ឃមិនបានជួបជាមួយលោកនេនតូច ឬអ្នកនាំមកផ្ទាល់ ហើយព្រះគ្រូចៅអធិការ ក៏មិនបានគង់នៅវត្តដែរ ។
សូមបញ្ជាក់ថា លោកនេន អង្គតូច ក្រោយពីព្រះសង្ឃគង់នៅវត្តផ្សារកណ្តាល មិនទទួលឲ្យសឹង លោកនេន តូច ត្រូវបានម្ចាស់អាខោននួន នីគីដា សុំព្រះសង្ឃនៅវត្តស្រះត្រាច សឹងបានមួយយប់ លុះដល់ភ្លឺឡើង ញោម ប្រុស.ស្រីរបស់លោកនេនតូច ក៏សុំព្រះគ្រូចៅអធិការយកត្រឡប់ទៅវិញ ។
បន្ទាប់ពីការបង្ហោះរបស់បញ្ហាញសង្គមហ្វេកប៊ុកខាងលើ មានអាខោនមួយឈ្មោះ Yeun Sovanna Yary ដែលអះអាងថា ជាព្រះគ្រូចៅអធិការនៅវត្តទួលពង្រមានខ្លឹមសារថា “ខ្ញុំព្រះករុណា អាត្មាភាព ជាចៅអធិការវត្តទួលពង្រ ពេលមកដល់វត្តលោកក៏មកប្រាប់ថា នេនលោកទៅចាក់សាក់ដៃ ហើយលោកហៅនេនឲ្យមកជួប តែរកមិនឃើញ លោកក៏ឲ្យនេនៗ និងកូនសេក្ខលោកជួយរក តែរកមិនឃើញ(ព័ត៌មានពីតំណាងសង្ឃដែលត្មាចាត់ឲ្យនៅមើលការខុសត្រូវក្នុងវត្ត និងព្រះសង្ឃដទៃទៀតក៏មានការអះអាងប្រហាក់ប្រហែលគ្នា) ទើបម៉ោងប្រមាណជា10យប់ទើបមានព្រះសង្ឃវត្តត្រាច់លោកខលមក ហើយត្មាបានប្រាប់ថាឲ្យលោកសឹងនៅនោះមួយយប់សិនចុះ ព្រឹកត្មានឹងឲ្យលោកទៅទទួលលោកមកវិញ ដើម្បីសួរឲ្យដឹងការរឿង ថាមូលហេតុអ្វីពិតប្រាកដបានជារហូតដល់ថ្នាក់លោករត់ទាំងយប់បែបនេះ” ៕ នីមវណ្ណា