ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថបានបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន ឃាត់ខ្លួន៣នាក់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានបំបែកសំណុំរឿង ករណីឃាតកម្មគិតទុកជាមុន (រឹតកសម្លាប់ប្លន់យករថយន្ត) ថ្ងៃនៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីស៊ើបអង្កេត ស្រាវជ្រាវ អស់រយ:ពេលបីថ្ងៃក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់និងសាកសួរនាំទើបឈានឃាត់ខ្លួនបានម្នាក់ ចុងក្រោយឃាត់បានម្នាក់ទៀត សរុប៣នាក់ ក្នុងចំណោម៤នាក់ កាលពីវេលាម៉ោង៧និង២៧នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន (រឹតកសម្លាប់ប្លន់យករថយន្ត) បន្ទាប់ពីស៊ើបអង្កេត ស្រាវជ្រាវ អស់រយ:ពេលបីថ្ងៃ ។

អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម ។

ជាក់ស្តែងក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ នៅវេលាម៉ោង៨.៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល បានចុះត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសពតាមរយៈប្រកាសផ្សាយពត៌មាន (ភិនភាគនិងសម្លៀកបំពាក់សព) គឺរកឃើញថា៖ ជនរងគ្រោះមានឈ្មោះ មឿក សុភណ្ឌ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជនរងគ្រោះពាក់អាវយឺតក្រៅដៃវែង ពណ៌ខ្មៅ ឆ្នូតលឿង អាវក្នុងពណ៌ទឹកប៉ិច ស្លៀកខោ ពណ៌ត្នោតជើងវែង មានកំពស់ប្រហែល ១,៥៥ម៉ែត្រ) ។

ចំពោះរថយន្តជនរងគ្រោះដែលក្រុមជនសង្សយ័យកទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

ដោយឡែកនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិ.ឃុំបានត្រួតពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យ លើសាកសព គឺ៖ មានខ្សែភ្លើងពណ៌លឿង ប្រវែង ២,៦៤ម៉ែត្រ ចងកដៃទាំងសងខាង ចំនួន៣ជុំ និងមានខ្សែក្រវ៉ាត់ប្រវែង១.០៩ម៉ែត្រ ។

តាមការសន្និដ្ឋានគឺជាករណីឃាតកម្ម ។

សាកសពសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពីកម្លាំងជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ទើបឈានកំណត់បានមុខសញ្ញាជនសង្ស័យហើយបានពន្លាតដែនដីសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រហូតបង្រ្កាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក០៤នាក់ ដូចខាងក្រោម÷

-នៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង

១.ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន) ។

២.ឈ្មោះ ម៉ី សារិ ហៅ អាគិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន) ។

-ម៉ោង៧និង.២៧នាទី យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងឃាត់ជនសង្សយ័ម្នាក់ទៀតឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន) ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័ទាំងបីនាក់បានសារភាពដូចៗគ្នាថាពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់មនុស្សប្លន់យករថយន្ត កាលពីវេលាម៉ោង១.៣០នាទីរំលងអាធ្រាត ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦A ម្តុំស្ពានលេខ២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ហើយបានយកសាកសពទៅចោលនៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងយករថយន្តជនរងគ្រោះទៅផ្លុងចោលនៅកាសុីណូសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនាំគ្នារត់គេចខ្លួនមកក្រុងបាវិត ខេត្តស្វាយរៀង ពិតប្រាកដមែន ។

វត្ថុតាងចាប់យករួមមាន៖ រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-3209 (ផ្លាកលេខដោះចេញ), កាំបិតបុ័ងតោ ០១, ទូរស័ព្ទ ០៣គ្រឿង, កាបូបស្ពាយ ០១, ខោខូវបោយជើងវែង ០១ និងអាវយឺត០៥, ខ្សែក្រវ៉ាត់០១និងខ្សែភ្លើង ព្រមទាំងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣ នាក់ និងវត្ថុតាងបានបញ្ជូនពីកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនមកកងរាជអាវុធហត្ថខេត្តកណ្តាលព្រោះជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖