ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដាវណ្ណ រីកគី និង ពេជ្រ មរកត បានបង្ហាញរូបថតរួមគ្នាក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ ។ មិនមែនជាការសម្តែង ប៉ុន្តែជារូបថតអនុស្សាវរីយ៍រួមគ្នា ដើម្បីបង្ហាញពីក្តីស្រឡាញ់ពិតប្រាកដ បើទោះបីជាពេលនេះ ខាងស្រីកំពុងរស់នៅសហរដ្ឋអាមេរិកក៏ដោយ ។
រូបថតជាច្រើនសន្លឹកដែលបានបង្ហាញពីគូស្នេហ៍វ័យក្មេងរបស់កុមារា ដាវណ្ណ រីកគី និងកុមារី ពេជ្រ មរកត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងប៉ុន្តែគេចាត់ទុកថាអាចជាការសម្តែង ។ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់អ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅ Red Rose ដែលជាតារាសម្តែងបានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងកូនប្រុសអ្នកស្រី និងកុមារី ពេជ្រ មរកត គឺមានជាយូរមកហើយ ចាប់តាំងពីពួកគេសម្តែងភាពយន្តរួមគ្នាកាលពីប៉ុន្មានឆ្នាំមុនម្ល៉េះ ហើយក្រោយពីចេញទៅរស់នៅសហរដ្ឋអាមេរិកក៏ពួកគេនៅតែទំនាក់ទំនងគ្នា ។
អ្នកស្រីបញ្ជាក់ថា ផ្តើមពីការស្រឡាញ់រាប់អានប៉ុណ្ណោះ ព្រោះម្តាយរបស់ពេជ្រ មរកត ក៏ជាតារាសម្តែង អ្នកនាង តូច ស្រីពេជ្រ ផងដែរដែលទាំងអស់គ្នាមិនបានគិតដល់រឿងជំរុញឲ្យកូនៗមានស្នេហាទាំងវ័យក្មេងនោះទេ ។ អ្នកស្រីថាទើបនឹងវិលមកលេងទឹកដីកំណើត គ្រួសារទាំងពីរបានជួបជុំគ្នា ហើយពួកគេក៏ពេញចិត្តជាខ្លាំងនឹងទំនាក់ទំនងគ្រួសារទាំងពីរ រួមទាំងការបើកផ្លូវឲ្យអ្នកទាំងពីសម្រេចចិត្តនៅថ្ងៃអនាគត ។
អ្នកស្រីថា ក្មេងសម័យនេះមិនអាចបង្ខំបានទេ អ្វីដែលពួកគេពេញចិត្ត ស្រឡាញ់ គឺអ្នកស្រីបើកផ្លូវឲ្យ ប៉ុន្តែត្រូវតែត្រឹមត្រូវទៅតាមគន្លងប្រពៃណីខ្មែរ ហើយអ្នកស្រីតែងអប់រំណែនាំឲ្យកូនធ្វើខ្លួនជាមនុស្សល្អជាទីស្រឡាញ់រាប់អាន និងលុះដោយគន្លងធម៌ ។ កូនអ្នកស្រី គឺ ដាវណ្ណ រីកគី ទើបមានវ័យ១៥ឆ្នាំ ទើបនឹងរៀនថ្នាក់ទី៩ ខណៈ ពេជ្រ មរកត ទើបមានវ័យ១២ឆ្នាំប៉ុណ្ណោះ ។ អ្នកស្រីថាយ៉ាងហោចណាស់ក៏ត្រូវរង់ចាំដល់កូនអ្នកស្រីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបដែរទើបភ្ជាប់ពាក្យ ហើយរឿងរៀបការជារឿងវែងឆ្ងាយ ។
អ្នកស្រីថាអ្វីដែលស្រឡាញ់ពេញចិត្តភាគីខាងស្រីគឺការយល់ចិត្តគ្នាពីគ្រួសារទាំងសងខាង ពិសេសកូនស្រីដែលសុភាពរាបសារ ស្គាល់ចាស់ទុំ ជាកូនកត្តញ្ញូស្តាប់ដំបូន្មានឪពុកម្តាយ ៕ វឌ្ឍនា