ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សំដីគ្នាតិចតួច ក្លាយជាអំពើហិង្សា ម្ខាងដេកពេទ្យ ម្ខាងទៀតត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រោះតែទំនាស់ពាក្យសំដីបន្តិចបន្តួចសោះ បង្កទៅជាអំពើហិង្សា ដោយភាគីម្ខាងត្រូវដេកពេទ្យ ឯភាគីម្ខាងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី ។

ករណីអំពើហិង្សានេះ កើតឡើងកាលពីថ្ងៃអាទិត្យ៦ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក ហើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៣និង២០នាទី ថ្ងៃដដែល នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះសឿម គ្រី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួនខាងលើ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍សំបូរបានឃាត់ខ្លួនឈ្មោះ សឿន គ្រី ភេទប្រុស អាយុ ៥១ឆ្នាំ ពីបទហិង្សាដោយចេតនា ដោយបានយកអង្រេរបុកគ្រឿង (ឈើ) វាយទៅលើឈ្មោះ នួន ផា ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឲ្យបែកក្បាល ដោយសាទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ។

ប្រភពបន្តថា មុនពេលកើតហេតុគឺរវាងជនដៃដល់នឹងជនរងគ្រោះ បានផឹកកាហ្វេជាមួយគ្នាពេលនោះ ក៏ទាស់សំដីគ្នារឿងដីស្រែ រហូតបង្កឲ្យក្លាយជាអំពលហិង្សាតែម្តង ។

ក្រោយបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយគេបានឆ្លើយសារភាព ខ្លូនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ។

ករណីនេះ ជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖