អ្នកដំណើររាប់រយនាក់ នៅលើយន្តហោះពីរគ្រឿង របស់ក្រុមហ៊ុនពីរ ផ្សេងគ្នា គឺក្រុមហ៊ុន Easyjet និង KLM ហើយយន្តហោះទាំងពីរគ្រឿងនោះ ផលិតដោយក្រុមហ៊ុនផ្សេងគ្នាទៀត គឺក្រុមហ៊ុន ប៊ូអ៊ីន និង អ៊ែរប៊ឺស ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរកំពុងតែប្រកួតប្រជែងនៅលើទីផ្សារយ៉ាងខ្លាំង ក្រោយក្រុមហ៊ុន ប៊ូអ៊ីនជួបបញ្ហាបច្ចេកទេស បណ្តាលឲ្យគ្រោះថ្នាក់សម្លាប់មនុស្សជាច្រើន ។ អតិថជនជាច្រើនបានងាកចេញពីប៊ូអ៊ីន ដោយមកទិញយន្តហោះអ៊ែរបឺសវិញម្តង ។
យន្តហោះមួយគ្រឿងផលិតដោយក្រុមហ៊ុនAirbus និងមួយគ្រឿងទៀត របស់Boeing បានប៉ះគ្នាកាលពីថ្ងៃទី៩ ខែកក្កដា នៅអាកាសយានដ្ឋាន អន្តរជាតិ Schiphol ក្នុងរដ្ឋធានី Amsterdam ប្រទេសហុល្លង់ ធ្វើឲ្យអ្នកដំណើរជាច្រើន ត្រូវយឺតយ៉ាងពេលវេលាហោះហើរ ។ រូបភាពដែលអ្នកដំណើរថតបានបង្ហាញឲ្យឃើញថា យន្តហោះ របស់ក្រុមហ៊ុន EasyJet បានប៉ះជាមួយយន្តហោះរបស់ក្រុមហ៊ុន KLM នៅត្រង់ចំណុចកន្ទុយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ត្រៀមធ្វើដំណើរទៅកាន់ទីក្រុងឡុងដុង ប្រទេសអង់គ្លេស ដោយប៉ះជាមួយយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ KLM នៅលើផ្លូវត្រៀមហោះហើរ ទៅកាន់ទីក្រុង រៀលម៉ាដ្រីត ប្រទេសអេស្បាញ ។
អ្នកដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុន EasyJet បាននិយាយថា គត់មានអារម្មណ៍ដូចជាយន្តហោះប៉ះអ្វីមួយ ។ អ្នកដំណើរទាំងអស់ នៅលើយន្តហោះត្រូវរង់ចាំរយៈពេលជាងមួយម៉ោង ដើម្បីឲ្យក្រុមជំនាញត្រួតពិនិត្យ ។ ក្រោយការត្រួតពិនិត្យ ក្រុមជំនាញឲ្យផ្អាក់ហោះហើរបន្ថែម៤ទៀត ដើម្បីជួសជុល ។
ចំណែកយន្តហោះរបស់ក្រុមហ៊ុន KLM ក៏បានប្តូរយន្តហោះ ដើម្បីដឹកអ្នកដំណើរទៅកាន់គោលដៅ ក្រោយព្យាពេលជាង២ម៉ោង ។ យន្តហោះទាំងពីរខាងលើ គឺត្រូវឲ្យផ្អាក់ហោះហើរ ដើម្បីសុវត្ថិភាពអ្នកដំណើរ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យប៉ះគ្នា ពេលត្រៀមហោះហើរនោះឡើយ ៕