ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបជាក់ស្ដែង ករណីលេងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ ផ្ទះលេខ១៧១ ផ្លូវ លេខ២៧១ ក្រុមទី០៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ ក្រោមសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ (ស្រី៤នាក់ និងប្រុស២នាក់) ក្នុងនោះជនសង្ស័យម្នាក់ជាបុគ្គលិកស៊ីសង និង៥នាក់ទៀតជាអ្នកមកលេងភ្នាល់ ៖ ទី១-ឈ្មោះ ឃឹម ចន្ថា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកស៊ីសងហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវបេតុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (ជាបុគ្គលិកស៊ីសង) ,២-ឈ្មោះ ឡាយ ស្រី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកលេង) ,៣-ឈ្មោះ ឡាយ ង៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក លក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក(ជាអ្នកលេង) ,៤-ឈ្មោះ វង្ស សុធា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជាអ្នកលេង) ,៥-ឈ្មោះ តាត ធានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកលេង) និង៦-ឈ្មោះ ហែម វិឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកលេង)។ វត្ថុតាងចាប់យករួមមាន៖ ទូហ្គេមបាញ់ត្រីចំនួន០២ និងកៅអីសម្រាប់អង្គុយចំនួន១៣ ។

ក្រោយប្រតិបត្តិការ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សម្រេចឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាង ទូហ្គេមបាញ់ត្រី និងកៅអីខាងលើ ក្រុមប្រតិបត្តិការ សម្រេចដឹកយកទៅរក្សាទុក នៅសាលាខណ្ឌទួលគោក ជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោឡែកទីតាំងប្រព្រឹត្តបទល្មើសបន្ទប់ផ្ទះលេខ១៧១ ក្រុមប្រតិបត្តិការបានសម្រេចឃ្លុំបេ បិទជាបណ្ដោះអាសន្ន ៕ ស តារា


ចែករំលែក៖