ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី៖ មកទល់ពេលនេះសម្រាប់ខេត្តព្រះសីហនុប្រភេទជំងឺគ្រុនឈាមមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កន្លងមកនេះ ប្រជាពលរដ្ឋទាំងចាស់.ក្មេង នៅតាមបណ្តារ ក្រុង.ស្រុក ក្នុងខេត្តព្រះសីហនុ បានលើកឡើងអំពីកង្វល់របស់ពួកគាត់ អំពីបញ្ហាគ្រុនឈាម ខណៈដែលមួយរយៈពេលចុងក្រោយៗនេះ ពួកគាត់បានសង្កេតឃើញទាំងចាស់ និងក្មេងតែងតែកើតមានជំងឺគ្រុនឈាម ដែលជាប្រភេទជំងឺដ៍សាហាវដែលអាចឆក់យកជីវិតមនុស្សក្នុងរយៈពេលខ្លឺតែប៉ុណ្ណោះបើអ្នកជំងឺមានការធ្វេសប្រហែស ។

ដើម្បីឆ្លើយតបទៅ នឹងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកទី លីឡេង ប្រធានក្រុមការងារកម្ចាត់ជំងឺគ្រុនឈាម មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទថា រហូតមកទល់ពេលនេះសម្រាប់ខេត្តព្រះសីហនុប្រភេទជំងឺគ្រុនឈាមមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ អ្នកជំងឺដែលចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមានការថយចុះជាបន្តបន្ទាប់ ។

លោកប្រធានក្រុមការងារខាងលើបានសំណូមពរមិនផ្តល់តួលេខអ្នកជំងឺគ្រុនឈាមស្រាល.ធ្ងន់ ឬមានស្លាប់បាត់បង់ជីវិតដែលបានចូលមកសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ឬអ្នកជំងឺគ្រុនឈាមដែលបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ ។ លោកបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីកុំឲ្យប្រជាពលរដ្ឋជ្រួលច្របល់( វ៉ល់ៗ)ហើយត្រូវថ្នាក់លើក្រសួងសុខាភិបាល ស្តីបន្ទោសដល់មន្ត្រី ឬបុគ្គលិកពេទ្យដូចនៅតាមបណ្តាខេត្តផ្សេងៗនៅពេលដែលកាសែតបានចុះផ្សាយនាពេលកន្លងមក ។

លោក សែជូ សិទ្ធជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងផងដែរថា កន្លងមកនេះក្រុមការងារកម្ចាត់ជំងឺគ្រុមឈាមនៃមន្ទីរសុខាភិបាលខេត្តបានសហការជាមួយសាខាកាកបាទក្រហមខេត្តបានចុះអប់រំដល់បងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋានឲ្យពួកគាត់គេងដាក់មុង សម្អាតជុំវិញលំនៅដ្ឋានមិនឲ្យមានទឹកភក់ជ្រាំ ដែលជាប្រភពបង្កើតមូសខ្លា និងបានដាក់ថ្នាំអាប៊ែតនៅតាមអាង និងពាងទឹកដើម្បីកម្ចាត់មូសខ្លាការពារ និងកាត់បន្ថយបានពីការកើតជំងឺគ្រុនឈាមផងដែរ ។

ដោយឡែក លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុវិញ បានសម្តែងទឹកមុខមិនពេញចិត្ត ខណៈជួបជាមួយអ្នកយកព័ត៏មាន ដើម្បីសុំការសហការ និងអនុញ្ញតិផ្តល់ទិន្នន័យអ្នកជំងឺគ្រុនឈាម ស្រាល.ធ្ងន់ ឬមានស្លាប់បាត់បង់ជីវិតនាពេលកន្លងមកដែលពួកគាត់បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានហាមការថតយករូបភាពអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ លោកសេង ណុង បានសង្កត់ធ្ងន់ឲ្យដឹងទៀតថាព្រោះការថតយករូបភាពអ្នកជំងឺប៉ះពាល់ដល់សិទ្ធរបស់បុគ្គល ។ ដោយឡែកតួលេខអ្នកជំងឺគ្រុនឈាម លោកបានធ្វើរបាយការដាក់ជូនទៅមន្ទីរសុខាភិបាលរួចហើយបើលោក ចង់បានទៅទាក់ទងខាងមន្ទីសុខាភិបាលវិញទៅ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖