ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដ សម្បុរស្រអែមស្រស់ កញ្ញា ប្រាសាទ ដាវីន បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីនាងបានបង្ហាញស្នាដៃសិល្បៈជាច្រើនបន្តបន្ទាប់ក្រោយពីប្រកាសចេញមុខក្នុងការងារសិល្បៈជាថ្មី ។ អ្វីដែលពិសេសនាងធ្វើឲ្យគេចាប់ផ្លឹក និងកោតសរសើរអំពីសម្រស់ និងទេពកោសល្យនៃការថតម៉ូដថ្មី ច្នៃដោយជាងជំនាញក្នុងឈុតអប្សរាស ដ៏រស់រវើក ។
អតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ ២០០៧ រាងខ្ពស់ស្រឡះសម្បុរខ្មៅស្រអែមអ្នកនាង ប្រាសាទ ដាវីន ស្រាប់តែបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីនាងវិលមកពីការរស់នៅប្រទេសអូស្ត្រាលីអស់ជាច្រើនឆ្នាំ ។ វិលវិញ សម្រស់នៅតែស្រស់ស្អាត ប្លែកគួរឲ្យទាក់ទាញទាំងរូបរាង និងសម្បុរដែលកម្រមានសិល្បការិនីខ្មែរមាន ។
ពេលថ្មីៗនេះដែរ គណនេយ្យ Facebook របស់ លោក សៀន សិទ្ធគុណ ម្ចាស់ Photocity ដ៏ល្បីឈ្មោះបានបង្ហោះរូបអប្សរាស ដែលមាន ប្រាសាទដាវីន ជាម៉ូដែល ។
លោក គុណ បានប្រាប់ថា លោកបបានយកលំនាំពីគំនូររបស់សិល្បះករ សូ គីមសាន ជាប្រភេទគំនូរទំនើប ដោយមានអប្សរាស ជាប្រធានបទ មានឈ្មោះថាទេពធីតាក្នុងសុបិន្ត ទទួលបានការ អនុញ្ញាតពីសិល្បះករខាងលើ ដោយចំនាយថវិការផ្ទាល់ខ្លួន ក្នុងការផលិតគ្រឿងអលង្ការសម្រាប់ឈុតនេះ និងសហការដោយ វប្បធម៌ខ្មែរលក់គ្រឿងសម្អាងការ និងក្រូម៉េ ។ រូបថតសិល្បៈរបស់លោកគុណពិតជាស្រស់ស្អាតខ្លាំង បង្កប់នូវអត្ថន័យ ជាមួយបច្ចេកទេសខ្ពស់ ក្នុងការរៀបចំក៏ដូចជាបច្ចេកទេសពន្លឺដ៏ល្អ ម៉្យាងទៀតម៉ូដែលយើងមានសម្បុរ៍ទឹកឃ្មុំ រឹតតែធ្វើឲ្យរូបសិល្បះទាំងនេះមានភាពប្រសើរខ្លាំងក្រៃលែង ។
មានការកោតសរសើរខ្លាំងចំពោះការច្នៃប្រឌិត រួមទាំងសម្រស់ប្លែក និងសម្រស់ស្រស់សោភារបស់តារាស្រីរូបនេះ ហើយទស្សនិកជនជាច្រើនស្នើឲ្យតារាស្រីរូបនេះវិលមករកការសម្តែងភាពយន្តភាគ ឬភាពយន្តខ្នាតធំផងដែរ ព្រោះតែការនឹករលឹកខ្លាំង ។
គួរបញ្ជាក់ដែរថា ប្រាសាទ ដាវីន គឺជាតារាសម្តែង និងតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយគួរឲ្យ កត់សម្គាល់បន្ទាប់ពីនាងទទួលបានជ័យលាភីលេខ៣ក្នុងការប្រឡងជ្រើសរើស ស្រីស្អាតប្រចាំឆ្នាំ២០០៧ ។
នាងបានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈពិសេសនាងមាន លក្ខណៈលេចធ្លោខាងការថតផ្សាយពាណិជ្ជកម្ម ពីព្រោះរូបរាងរបស់នាង សិចស៊ី ហើយនាងមានកម្ពស់ខ្ពស់ស័ក្តិសម នឹងការផ្សាយពាណិជ្ជកម្ម ។ ប្រាសាទ ដាវីន បានបាត់មុនពីការងារសិល្បៈអស់រយៈពេលជិត១០ឆ្នាំ ក្រោយពីនាងចេញទៅរស់នៅប្រទេសអូស្ត្រាលី ។
ក្រោយវិលមកកម្ពុជាកាលអំឡុងពេល២ឆ្នាំចុងក្រោយនេះនាងបានលេចមុខជាថ្មីក្នុងការងារសិល្បៈ ហើយនាង ក៏មានមុខជំនួញខ្លះផ្ទាល់ខ្លួនដែលកំពុងមានការគាំទ្រច្រើនផងដែរ ៕ វឌ្ឍនា