ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុករះម៉ូតូរថយន្ត និងម៉ូតូកង់បីពីរកន្លែងផ្សេងគ្នាជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាត ហើយព្យាយាមបើករត់គេច ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ ខណៈនោះក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពតែត្រូវបានបុរសម្នាក់សង្ស័យ ស្រវឹងស្រាបានមកថតរូបអ្នកសារព័ត៌មាន និងរករឿងអ្នកសារព័ត៌មានថា គ្មានសិទ្ធិមកថតនៅតាមចិញ្ចើមផ្លូវនោះទេ ដោយគ្មានការអនុញ្ញាតពីរូបគេដោយមិនដឹងមូលហេតុ ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៤៦ ក្រោយសណ្ឋាគារប្រេសុីដង់ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាកាមរីបាឡែន១គ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AS-6547 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៦ទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួនបីគ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងកាខូចខាត បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុលត្រូវនោះទេបានព្យាយាមបើករត់មកដល់អាគារទី៣បូរីកីឡាផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានជ្រុលបុករះរថយន្តមួយគ្រឿង និងម៉ូតូកង់បី១គ្រឿងទៀតចតតាមចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត ចំណែករថយន្តបង្កបានព្យាយាមបើករត់បន្តទៀតតែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាល្បាតឃើញឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបានភ្លាមៗ ។ ខណៈនោះក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងកើតហេតុ និងបានសួនាំហើយបានធ្វើការសូមថតយករូបភាពបន្ទាប់មក ភាគីខាងរងគ្រោះក៍បានយល់ព្រមឲ្យអ្នកសារព័ត៌មានថតដែរ ស្រាប់តែមានបុរសម្នាក់អង្គុយនៅ ចំណុចកន្លែងកើតហេតុដើរមករកអ្នកសារព័ត៌មាន និងបានយកទូរសព្ទដៃមកថតរូបអ្នកសារព័ត៌មាន ថែមទាំងមិនឲ្យ អ្នកសារព័ត៌មានថតរូបនៅ នឹងកន្លែងកើតហេតុ និងបានរករឿងហើយប្រាប់ទៅអ្នកសារព័ត៌មានថា គ្មានសិទ្ធិថតរូបនៅតាមចិញ្ចើមផ្លូវនោះទេ ដោយគ្មានការអនុញ្ញាតពីរូបគេ ដោយគ្មានហេតុផល ។ ចំណែកខាងអ្នកសារព័ត៌មានក៏មិនតបតទៅវិញដែរ សូមឲ្យតែលុបរូបថតចេញពីទូរសព្ទដៃវិញទៅបានហើយ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូ និងរថយន្តម៉ូតូកង់បីទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ