ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ុស្ដិ៍ចាក់អង្រែលើ បានធ្វើការឃាត់ខ្លួនបុរស២នាក់យកទៅសួរនាំ បន្ទាប់ពីបុរសទាំង២នាក់នេះផឹកស្រវឹង ហើយចូលកោសជប់រួចរាល់ បែរជាទាស់សម្តីគ្នាជាមួយនារីបម្រើការក្នុងហាង ហើយបានផ្ទុះកំហឹងអុកឡុក និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់ហាងកោសជប់បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងកោសជប់ យីហោ ៤៤៤៤ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើ ក្នុងនោះម្នាក់ឈ្មោះហៀន ភារម្យ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភូមិធំ ស្រុកកៀនស្វាយ និងម្នាក់ទៀតឈ្មោះ សឿង សារឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិត្រាំសរស ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនបុរសទាំង២នាក់នេះយកទៅសាកសួរ គឺដំបូងឡើយគឺ បុរសទាំង២នាក់បានផឹកស៊ីស្រវឹង រួចហើយក៏បាននាំគ្នាចូលទៅកោសជប់នៅហាងខាងលើ បន្ទាប់ពីម៉ាស្សា កោសជប់សព្វគ្រប់គិតលុយរួចហើយ ក៏ស្រាប់តែបុរសម្នាក់បានទាស់ពាក្យសម្តីគ្នាជាមួយនឹងនារីៗបម្រើការនៅក្នុងហាងកោសជប់ខាងលើនោះ ទើបធ្វើបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ផ្ទុះកំហឹង ស្របពេលស្រវឹងផងនោះ ក៏យកដុំថ្មវាយបំផ្លាញស្លាកយីហោ រួចបានលើកស្លាកយីហោ គប់ចូលក្នុងផ្ទះកោសជប់ បណ្តាលឲ្យត្រូវចំនារីបម្រើការម្នាក់រងរបួសតិចតួចផងដែរ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ គាប់ជួនមានកម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការល្បាតឆ្លងកាត់តាមទីនោះឃើញហេតុការណ៍ជាក់ស្តែងបែបនេះ ក៏ធ្វើការឃាត់សួរនាំ តែបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់មិនព្រមស្តាប់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចចាត់វិធានការក្តៅ ឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ។
ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួចមក បុរសទាំង២នាក់ខាងលើបានដឹងកំហុស ចំណែកម្ចាស់ហាងមិនបានរករឿងអ្វីនោះទេ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យារអប់រំ រួចហើយក៏បានឲ្យបុរសទាំង២នាក់ត្រឡប់ទៅផ្ទះវិញ ៕ ភារ៉ា ដង្កោ