ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់ដាក់ពាក្យប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងឃុបឃិតគ្នាលួចធ្វើប្លង់យកដី

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ប៉ុល ពិសី មានវ័យ ៦២ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ឯក លន់ សុធី នាយរង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងបក្ខពួកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមពាក្យបណ្តឹងរបស់លោកស្រី ប៉ុល ពិសី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី,ឈ្មោះ ព្រំ អូន, ឈ្មោះ កើត អួច,ឈ្មោះ ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។

លុះដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់យកដីរបស់លោកស្រីទាំងអស់។

ក្រោយកមកលោកស្រី ប៉ុល ពិសី បានដាក់ពាក្យប្តឹងគ្នាជាមួយលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន ប៉ុន្តែលោកស្រីចាញ់ក្តីរហូតតាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតតុលាការកំពូល។

លោកស្រី ប៉ុល ពិសី បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅ ជាពិសេសឯកសារប្លង់រឹងដីធ្លីលេខ 18010301-3410 ដោយលោកស្រីសង្ស័យថា វាជាប្លង់ដីដែលកើតឡើងពីការឃុបឃិតគ្នារវាងលោកឧត្តមសេនីយ៍ឯក លន់ សុធី និងមន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ។

ជុំវិញរឿងរ៉ាវខាងលើនេះភ្នាក់ងារយកព័ត៌មាននគរវត្តមិនអាចសុំកាបកស្រាយពីលោកលន់សុធីនិងលោកស្រីសេងដាលីនបានឡើយ៕ អរុណរះ


ចែករំលែក៖