ព័ត៌មានទាន់ហេតុការណ៍៖

មេយោធាស្រុកកោះញែក ត្រូវបានគេទម្លាយថា ជាមេខ្លោងបទល្មើសព្រៃឈើដ៏ធំប្រចាំខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ត្រូវបានប្រជាពលរដ្ឋ និងប្រជាសហគមន៍ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរជាច្រើនទៀតបានទម្លាយថា៖ គាត់ជាមេខ្លោងនៅពីក្រោយសកម្មភាព ការកាប់បំផ្លាញបទល្មើសព្រៃឈើ ដោយលក្ខណៈទ្រង់ទ្រាយធំ នៅតំបន់អភិរក្សភ្នំព្រិច ,តំបន់ព្រៃសហគមន៍ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្នុងនោះមេយោធារូបនេះ ក៏បានចេញមុខរត់ការប៉ាវផ្តាច់ក្នុងការដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ឈានដល់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ។
ការបែកធ្លាយអំពើពុករលួយ ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ប្រព្រឹត្តដោយលោក ថាន ប៊ុនធឿន មេយោធាស្រុកកោះញែក នៃប្រតិបត្តិការសឹករងមណ្ឌលគិរី បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសព្រៃឈើ ឃាត់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បើទោះជាជនជាប់ចោទ ស៊ឹង សំអុល និង បក្ខពួក៣នាក់ទៀត ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននោះក៏ដោយ យ៉ាងតិចមានជនសង្ស័យ៤រូបទៀត ត្រូវតំណាងអយ្យការ អមសាលាដំបូងខេត្ត មណ្ឌលគិរី ចេញដីកាបញ្ជាឲ្យចូលខ្លួន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណី ប្រមូល ដឹកជញ្ជូន និងសន្ធិផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីអ្នកនាំពាក្យគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ។
លោក ថាន ប៊ុនធឿន មេយោធាសឹករងស្រុកកោះញែក ក៏ជាប់ពាក់ព័ន្ធក្នុងបទល្មើសប្រមូល ដឹកជញ្ជូនឈើ កេណ្ឌប្រជាជនឲ្យចូលកាប់ឈើ ក្នុងតំបន់អភិរក្សការពារភ្នំព្រិច តំបន់ព្រៃសហគមន៍ ក្នុង នោះក៏បានប្រមូលទិញឈើឲ្យដៃជើងឧកញ៉ា ស៊ឹង សំអុល ដូចជាឈ្មោះ ណេង ម៉ៅ ជាអ្នកចាត់ចែងការប្រមូលឈើឲ្យក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងឈ្មោះ សាំង សុខុន អ្នកចាត់ចែងឲ្យក្រុមនេះ និងត្រូវជា ប្អូនថ្លៃឧកញ៉ា ស៊ឹង សំអុល ។ អ្នកទាំងនេះ កំពុងស្ថិតក្នុងកណ្តាប់ដៃតុលាការបន្តនីតិវិធីចេញដីកាបញ្ជាឲ្យចូលខ្លួន ក្នុងចំណោមជនសង្ស័យទាំង៤នាក់ខាងលើនេះផងដែរ ។ ក្រៅពីសកម្មភាពដូចខាង លើនេះ លោក ថាន ប៊ុនអឿន ក៏បានធានាប្រមូលទិញឈើនៅតំបន់ស្រុកកោះញែកឲ្យទៅឈ្មួញ ដើម្បីនាំចេញទៅក្រៅប្រទេស ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ ប្រជាសហគមន៍ ចង់ឲ្យគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិកោះហៅបុគ្គលរូបនេះមកសាកសួរ ខណៈជាប់ពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ មានរយៈ ពេលយូរឆ្នាំមកហើយ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ទោះមានការចោទប្រកាន់បែបនេះក៏ដោយ លោក ថាន ប៊ុនធឿន បានបដិសេធ និងមិនទទួលស្គាល់អ្វីដែលមានការលើកឡើងពីប្រជាពលរដ្ឋនោះឡើយ ។ តាមទូរស័ព្ទជាមួយអង្គភាព«នគរវត្ត» នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកថាន ប៊ុនធឿនបាននិយាយយ៉ាងដូច្នេះថា «មេត្តា កុំជឿ គេអី ខ្ញុំសុំតែសុខ និងរួចខ្លួនទេ មិនដែលរកស៊ីបទល្មើសព្រៃឈើដូចគេចោទប្រកាន់លើខ្ញុំ ។ លោកបន្តថា ខ្ញុំឃើញគេចោទប្រកាន់ខ្ញុំធ្ងន់ៗណាស់ ផ្ទុយទៅវិញខ្ញុំហ៊ានធានាថាមិនបានប្រព្រឹត្តនិងមេត្តាកុំឲ្យជឿទៅលើការនិយាយបែបនោះអ្វី រួចក៏បិទទូរស័ព្ទ» ។
លោក ថាន ប៊ុនធឿន មេសឹករងស្រុកកោះញែក ក៏មានដៃស្តាំរបស់ខ្លួនជាមន្ត្រីយោធាពាក់ស័ក្តិ៣ ជាអ្នកចាត់ចែងប្រមូលឈើល្មើសច្បាប់ជាមួយខ្លួនផងដែរ ដែលសកម្មភាពទាំងនោះ កន្លងទៅត្រូវបាន លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងហាមឃាត់ តែជនពុករលួយនេះ បន្តប្រព្រឹត្តល្បីពេញស្រុក កោះញែក និងចាត់ទុកថាជាសមត្ថកិច្ចកាងបទល្មើស រកស៊ីបទល្មើស សកម្មភាពបំផ្លាញព្រៃឈើ នៅស្រុកកោះញែក ពេញទំហឹង ក្រោមក្រសែភ្នែក លោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថនៃគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិធ្លាប់ហៅមន្ត្រីជំនាញយ៉ាងតិច៥រូបមកសួរនាំ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខេត្តមណ្ឌលគិរី ក្នុងនោះខាងបរិស្ថាន និងខាងមេព្រៃ ។ ប៉ុន្តែសមត្ថកិច្ចបានអនុញ្ញាតត្រឡប់មកធ្វើការវិញ បន្ទាប់ពីធ្វើការ សាកសួរ និងពុំមានលទ្ធផលណាមួយ ត្រូវបានគេទម្លាយថា អាចជាប់ពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ ក្នុងបទល្មើសព្រៃឈើ ទទួលសំណូក លាក់បាំងបទល្មើស ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ។ ក្នុងនោះសមត្ថកិច្ចក៏ពុំទាន់ធ្វើការហោះហៅសមត្ថកិច្ចដែលជាកងកម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័ន ដែលមានភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចដែលខ្លួនបំពេញភារកិច្ចតួនាទីរបស់ខ្លួន បាននៅឡើយទេ មកសាកសួររឿងបទល្មើសព្រៃឈើ៕

ដោយ ៖ សុខខេមរា


ចែករំលែក៖