ខេត្តត្បូងឃ្មុំ ៖ មកដល់ពេលនេះ ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានអាយុកាល២៦ឆ្នាំហើយ សម្រាប់នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ គឺថ្ងៃរៀបចំពិធីរំលឹកខួបនៃការបង្កើតស្ថាប័នរបស់ខ្លួន ដែលប្រារព្ធធ្វើ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្រោមអធិបតី ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។
ពិធីនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងមន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយសរាប់រយនាក់ ។
សូមជម្រាបថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀត ។
ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ និងដើម្បីសារទរការបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤កក្កដា ២០១៩ផងដែរ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានសម្ពោធបើកការ ដ្ឋានសាងសង់អគារថ្មីមួយរបស់ខ្លួន ។ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលចាប់ផ្តើមបញ្ចុះបឋមសិលាកសាងនេះ គឺជាសំណង់ជំហានដំបូងនៅលើផ្ទៃដី ៣០.៧០០ម៉ែត្រការ៉េ ទំហំអគារទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ប្រើប្រាស់ថវិកា ចំនួន ៦២០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ៣៦ ខែ ។ ថវិកាសម្រាប់ការសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន៕ វណ្ណៈ