ភ្នំពេញ៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ពីស្ថាប័ន Ookla លើល្បឿនអ៊ីនធើណេត ក្នុងនាមជាប្រតិបត្តិករ ដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជា ដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយកបច្ចេកវិទ្យា 5G របស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានថ្លែងថា ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀត របស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវល្បឿនអ៊ីនធើណិតលឿន តាមដែលអាចធ្វើបានជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យ កាន់តែច្រើនបន្ថែមទៀត។
លោក Ian Watson បានបន្ដថា «ទិន្នន័យនេះ កំពុងដើរតួនាទីកាន់តែចាំបាច់ខ្លាំងឡើងៗ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន ខណៈពេលដែលតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ របស់ពួកគេកាន់តែកើនឡើង»។
«ពួកយើងកំពុងរៀបចំផែនការ សម្រាប់តម្រូវការទិន្នន័យ ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលអនាគតដ៏ខ្លីពីព្រោះថា បច្ចេកវិទ្យា pre5G និង 5G របស់យើងផ្តល់លទ្ធភាព ក្នុងការពង្រឹងសេវាអ៊ីនធើណេតលើទូរស័ព្ទដៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard។
លោក Ian Watson បានបន្ថែមទៀតថា អតិថិជនរបស់ក្រុមហ៊ុន Cellcard នៅតំបន់មួយចំនួន អាចប្រើប្រាស់ល្បឿនទាញយករហូតដល់ទៅ 150 Mbps។ ជាមួយនឹងទីតាំងដែលត្រូវបានជ្រើសរើសដោយ 3CA និង MIMO ដែលអាចទាញយកល្បឿនរហូតដល់ 300mbps ហើយឆាប់ៗនេះ ល្បឿននឹងកើនឡើងដល់ទៅ1Gbps ហើយអាចលឿនជាងនេះ ជាមួយនឹងបច្ចេកវិទ្យា 5G។
លោក Ian Watson បានបញ្ជាក់ថា «យុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដោតសំខាន់លើការផ្តល់ល្បឿន តាមតម្រូវការរបស់អតិថិជនក្នុងការរស់នៅប្រកបដោយភាពទាន់សម័យរបស់ពួកគេ ដែលមិនមែនត្រឹមតែថ្ងៃនេះ ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ថ្ងៃស្អែកបន្តទៀតដែរ»។
លោកបាននិយាយថា ស្របពេលដែលពានរង្វាន់ Ookla ថ្ងៃនេះ ត្រូវបានទទួលស្គាល់លើជោគជ័យរបស់ Cellcard លើបច្ចេកវិទ្យា 4G ល្បឿនអ៊ីនធើណេតនេះ គឺពិតជាការវាស់វែងដ៏សំខាន់សម្រាប់បច្ចេកវិទ្យា 5G និងល្បឿនរបស់វា។
លោកបន្តថា «Ookla បាននិងកំពុងតាមដានការដាក់ដំណើរការបច្ចេកវិទ្យា 5G នៅតាមបណ្តាទីក្រុងនានា និងនៅប្រទេសទូទាំងសកលលោកដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វីស និង វៀតណាម»។
លោកបន្ថែមទៀតថា «ពួកយើងទន្ទឹងមើល ការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីវាស់វែងទាំងនោះ នៅដើមឆ្នាំក្រោយ ហើយពួកយើងក៏រំពឹងថា នឹងមានប្រជាជនជាច្រើន ដែលប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G បាន»។
លោក Watson បាននិយាយទៀតថា «ក្រុមហ៊ុន Cellcard នឹងបន្តវិនិយោគបន្ថែមលើបច្ចេកវិទ្យា 4G ឲ្យបានទូទាំប្រទេសដើម្បីពង្រឹងបន្ថែម លើសេវាគ្របដណ្តប់ទាំងក្នុងផ្ទះ អគារ ផ្លូវសំខាន់ៗ និងទីប្រជុំជន។ ប៉ុន្តែស្របគ្នានេះ យើងកំពុងធ្វើផែនការផ្តល់ជូនគម្រោងបន្ថែមសម្រាប់ 5G នៅតាមបណ្តាទីក្រុងសំខាន់ៗ សម្រាប់ទាំងអតិថិជន ក៏ដូចជាសហគ្រាស»។
ជាមួយគ្នានោះ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Cellcard ក៏បានបង្ហាញថា តើអនាគតនៅក្នុងពេលដ៏ខ្លីនេះ នឹងមានរូបរាងដូចម្តេចសម្រាប់អតិថិជន ជាមួយការដាក់បង្ហាញមនុស្ស hologram ដំបូងបង្អស់នៅកម្ពុជា និងមាតិកា 3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម។
សូមបញ្ជាក់ថា Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយ Speedtest គឺជាអ្នកនាំមុខគេ ក្នុងការធ្វើតេស្ត និងវិភាគលើប្រព័ន្ធអ៊ីនធឺណិត ត្រូវបានប្រើប្រាស់ជាង២០ពាន់លានដង នៅទូទាំងពិភពលោក។ Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំផុត ក្នុងការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត៕