ព័ត៌មានទាន់ហេតុការណ៍៖

កង់បីគេចឡានធ្លាក់ប្រឡាយស្លាប់លោកយាយម្នាក់ នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកយាយម្នាក់បានស្លាប់ក្នុងពេលដែលកំពុងបញ្ជូនមកមន្ទីរពេទ្យ ក្រោយពីដែលស្រ្តីរងគ្រោះបានធ្លាក់ពីរឺម៉កកង់បី ខណៈដែលអ្នកបើកម៉ូតូកង់បីបានបើកគេចឡាន ធ្លាក់ចូលក្នុងប្រឡាយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៧ និង ១៥ នាទី ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ ស្ថិតនៅក្នុងភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានបញ្ជាក់ថា លោកយាយរងគ្រោះឈ្មោះ អ៊ី យ៉ាន អាយុ៨៣ឆ្នាំ រស់នៅ ខេត្តព្រៃវែង ។ នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូរឺម៉កកង់បីគ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច នៅពេលបើកមកដល់ចំណុចកើតហេតុ ម្ចាស់ម៉ូតូកង់បីបានបើកជែងរថយន្តចំនួន២គ្រឿង តែអត់ផុត រួចគេចទៅម្ខាងផ្លូវជ្រុលធ្លាក់ប្រឡាយតែម្តង ក្នុងពេលនោះស្រ្តីរងគ្រោះដែលជិះនៅក្នុងម៉ូតូកង់បីបានធ្លាក់ពីលើម៉ូតូរឺម៉កកង់បី ផ្ងារក្រោយមកបោកនឹងដីបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ក្រោយពេលកើតហេតុជនរងគ្រោះ បានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះ ពេលដឹកបានពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់តែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកម៉ូតូកង់បីបានគេចខ្លួនបាត់ ទុកម៉ូតូរឺម៉កកង់បីចោលនៅកន្លែងកើតហេតុ សមត្ថកិច្ចបានយកម៉ូតូរឺម៉កកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ។ ចំណែកសពជនរងគ្រោះ ត្រូវក្រុមគ្រួសាដឹកយកទៅខេត្តព្រៃវែងដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖