បើទោះបីរដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានយន្តហោះគ្មានមនុស្សបើកណាមួយ ត្រូវទាហានជើងទឹកអាមេរិកបាញ់ទម្លាក់ដូចការប្រកាសរបស់លោកត្រាំនោះឡើយ ក៏ប៉ុន្តែនៅពេលនេះ អាមេរិកនៅតែអះអាងថា បានបាញ់ធ្លាក់យន្តហោះដ្រូនអ៊ីរ៉ង់ ដដែល។
អ៊ីរ៉ង់បានប្រកាសថា មិនមានយន្តហោះគ្មានមនុស្សបើក ណាមួយបាត់ខ្លួននោះឡើយ ក្រោយពេលអាមេរិកប្រកាសថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសថា នាវាចម្បាំងអាមេរិក អាចនឹងបាញ់ច្រឡំយន្តហោះគ្មានមនុស្សបើករបស់ខ្លួនឯងផ្ទាល់ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃ ទី១៩ ខែកក្កដាថា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំបានប្រកាសថា នាវាចម្បាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់នៅតំបន់សមុទ្រ ពែក្ស ក្រោយយន្តហោះនេះ មិនខ្វល់ពិការព្រមានរបស់ទាហានអាមេរិក។
ប៉ុន្តែកម្លាំងទាហានអ៊ីរ៉ង់បានបញ្ជាក់ថា យើងមិនមាន យន្តហោះគ្មានមនុស្សបើកណាមួយធ្វើសកម្មភាពនៅដែនសមុទ្រ ពែក្សនោះឡើយ ។ ការបាញ់ប្រហារនោះអាចជាការបាញ់ច្រឡំទៅលើយន្តហោះរបស់ខ្លួនឯងតែប៉ុណ្ណោះ ។
សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថាលោក ដូណាល់ ត្រាំ បានបន្តអះអាងថា យន្តហោះដ្រូនមួយគ្រឿង របស់ ប្រទេសអ៊ីរ៉ង់ ពិតជាត្រូវបាននាវាយោធាអាមេរិកបាញ់ទម្លាក់ប្រាកដមែន។ ចំណែកអ៊ីរ៉ង់វិញ បានចុះផ្សាយវីដេអូដែលបញ្ជាក់ថា ការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជាការពិតឡើយ។
ឆ្លើយតបសំណួរពីក្រុមអ្នកកាសែត ពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះដ្រូនអ៊ីរ៉ង់ នៅឯការិយាល័យក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «គ្មានមន្ទិលសង្ស័យចំពោះរឿងនេះឡើយ គឺយើងបានបាញ់ទម្លាក់វាប្រាកដណាស់»។ រី ឯ លោក Jonh Bolton ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ ដែលមានវត្តមាននៅទីនោះដែរ ក៏បានបន្ទរតាមក្រោយថា មិនបាច់ឆ្ងល់ទេ វាគឺជា យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ហើយនាវាអាមេរិក USS Boxer បានបាញ់កម្ទេចវាចោល។
គួរជម្រាបថា បើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍របស់លោក ត្រាំ យន្តហោះដ្រូនអ៊ីរ៉ង់ ត្រូវបានបាញ់ទម្លាក់នៅតំបន់ច្រកសមុទ្រ Hormuz គឺដោយសារតែវាហោះមកកៀកនឹងនាវាយោធាអាមេរិកពេក ហើយមិនខ្វល់ពីការព្រមានជាច្រើនដងថែមទៀត។ យ៉ាងណា មិញ នាថ្ងៃដដែលនោះ ទីក្រុងតេហេរ៉ង់ បានប្រកែកថា យន្តហោះដ្រូនអ៊ីរ៉ង់ដែលធ្វើប្រតិបត្តិការនៅច្រកសមុទ្រ Hormuz គឺពុំមាន បាត់មួយគ្រឿងណាឡើយ ហើយនៅកន្លែងផ្សេងទៀតក៏ដូចគ្នាដែរ។ បន្ថែមពីនេះ មន្រ្តីអ៊ីរ៉ង់ក៏បានលើកឡើងថា អាមេរិកប្រហែលជា បានច្រឡំបាញ់ដ្រូនខ្លួនឯង។
រីឯនាថ្ងៃសុក្រសប្តាហ៍នេះវិញ អ៊ីរ៉ង់ក៏បានបញ្ចេញឃ្លីបវីដេអូដែលថតបានដោយយន្តហោះដ្រូន ដែលធ្វើប្រតិបត្តិការនៅលើដែន អាកាសនៃច្រកសមុទ្រ Hormuz ថែមទៀត។ ឃ្លីបវីដេអូដែលចុះផ្សាយដោយស្ថានីយទូរទស្សន៍អ៊ីរ៉ង់ PressTV បង្ហាញឲ្យឃើញ ថា យន្តហោះដ្រូនអ៊ីរ៉ង់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នោះ ហើយត្រឡប់មកបន្ទាយវិញដោយសុវត្ថិភាព មុនការបង្ហាញ វត្តមានរបស់នាវាយោធាអាមេរិកទៅទៀត៕