ព័ត៌មានទាន់ហេតុការណ៍៖

ទុកទូរសព្ទ័ហោប៉ៅខោហើយ ឆក់បានទៀត តែប៉ះចំថ្ងៃស៊យដួលម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាលប៉ុស្តិ៍ក្រាំងធ្នង់មកដល់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ក្របួចជាប់ភ្លាមៗ ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់កំពុងជិះម៉ូតូដោយដាក់ទូរសព្ទ័ហោប៉ៅខោហើយ នៅឆ្លៀតឆក់បានទៀត ។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៥ល្ងាច ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសាលាមុំ ផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

យោងតាមមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ២នាក់នេះ ត្រូវសមត្ថកិច្ចករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ទី១-ឈ្មោះ ចែម វិសុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និងទី ២-ឈ្មោះ ហែម ចាន់នឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្តឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ូ ដារ៉ាឡាលែន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

សនម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1HB-7296 ( របស់ជនសង្ស័យ ) និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ ។

មន្រ្តីដដែលបន្តថា មុនពេលកើរហេតុ ជនរងគ្រោះកំពុងជិះមូតូ តែម្នាក់ឯងតាមផ្លូវ១៩៦២ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោ ខាងក្រោយរបស់ជនរងគ្រោះ តែបណ្តាលឲ្យដួលម៉ូតូទាំងពីគ្រឿង ភ្លាមនោះម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់បានធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍បាន ឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖