ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបែកធ្លាយព័ត៌មានសម្ងាត់ រុស្ស៊ីស្នើឲ្យអាមេរិកដាក់បរមាណូតែក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

បច្ចុប្បន្ន ប្រទេសដែលមានគ្រាប់បែកបរមាណូ មានដល់ទៅ​៩ ប្រទេស ក្នុងនោះមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះ ដែលបានដាក់ពង្រាយគ្រាប់បែកបរមាណូនៅទីតាំងក្រៅប្រទេស ពិសេសគឺតំបន់អឺរ៉ូប ។

ក្រោយពេលអង្គការណាតូ ធ្វើឲ្យបែកធ្លាយទីតាំងបរមាណូ​​​របស់អាមេរិក ដែលលាក់ទុក នៅតាមបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ​​ក្នុងនោះមាន​ទាំងប្រទេសតួកគីផងដែរ ទើបរុស្ស៊ីស្នើឲ្យអាមេរិករក្សាទុកនូវគ្រាប់បែកបរមាណូ នៅតែក្នុងប្រទេសរបស់ខ្លួនបានហើយ​។

លោក​​ Mikhail Ulyanov ​តំណាងរុស្ស៊ីនៅក្នុងអង្គការបរមាណូអន្តរជាតិ IAEA ​បានបញ្ជាក់ថា​ «រុស្ស៊ីសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក ដែលបានយកបរមាណូទៅរក្សាទុក នៅក្នុងប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប។​ ដូច្នេះអាមេរិកគួរតែរក្សាទុកនូវបរមាណូតែនៅក្នុងប្រទេសរបស់ខ្លួនតែមួយគត់»។

ការលើកឡើងខាងលើ​របស់លោក Mikhail Ulyanov ក្រោយពេលសារព័ត៌មាន ​The Washington Post ​របស់អាមេរិក បានផ្សាយថា អង្គការណាតូបានបង្ហាញសារ រួចបានលុបចោលវិញភ្លាមៗ​ ដោយសារក្នុងសារនោះ បានបញ្ជាក់ថា អាមេរិកបានរក្សាទុកនូវអាវុធបរមាណូ​ រហូតដល់ទៅ​១៥០គ្រាប់ នៅក្នុងប្រទេសប៊ែលហ្ស៊ិក អាល្លឺម៉ង អ៊ីតាលី ហូល្លង់ និងតួកគី។

គ្រាប់បរមាណូទាំងនោះ បានរក្សាទុក នៅទីតាំងយោធាអាមេរិកចំនួន៦កន្លែងផ្សេងគ្នា នៅ​ក្នុងតំបន់អឺរ៉ុប។ បើតាមឯកសារដែលបែកធ្លាយនោះ មានទីតាំងនៅ Kleine Brogel ក្នុងប្រទេសប៊ែលហ្ស៊ិក,នៅ Buchel ប្រទេសអាល្លឺម៉ង, Aviano និង Ghedi-Torre ប្រទេសអ៊ីតាលី,ទីតាំង Volkel ប្រទេសហុល្លង និងនៅ Incirlik ប្រទេសតួកគី​៕


ចែករំលែក៖