ភ្នំពេញ៖ ក្រោយលេចធ្លោខ្លាំងនឹងការងារសិល្បៈ តារាសម្តែង ដួង ម៉ានិច បានចាប់ផ្តើមបង្ហាញមុខមនុស្សជំនិតម្នាក់ដែលតែងនៅក្បែរហើយ ក៏ជាចំណែកដែលជួយឲ្យនាងកាន់តែលេចធ្លោរលើវិស័យសិល្បៈ ។ បុរសនោះត្រូវបានគេដឹងថា ឈ្មោះ សុភ័ក្រ ណាណូ(Sopheak Nano) ដែលអ្នកសិល្បៈជាច្រើនក៏ធ្លាប់ស្គាល់ថា ជាអ្នកជំនាញទាំងផាត់មុខធ្វើសក់ និងគ្រប់គ្រងការងារសិល្បករ ពិសេសសម្រាប់កញ្ញា ដួង ម៉ានិច ។
ដួង ម៉ានិច បានបញ្ជាក់ថា ក្រោយប្រឡូកក្នុងអាជីពសិល្បៈ នាងបានចាប់ផ្តើមស្គាល់មនុស្សជាច្រើនហើយពួកគេមួយចំនួនក៏ក្លាយជាចំណែកនៃភាពជោគជ័យលើការងារសិល្បៈ ។ នាងថ្លែងដោយកោតសរសើរ និងលើកទឹកចិត្តចំពោះអ្នកជំនិត សុភ័ក្រ ណាណូ ដែលក្រៅពីជួយតុបតែងលើកសម្រស់នាង ក៏ជាអ្នកជួយគ្រប់គ្រងការងារមួយផ្នែកធំសម្រាប់នាងខណៈដែលនាងក៏មមាញឹកខ្លាំងនឹងការងារជាច្រើន ។ ការសរសើរនេះគ្រាដែលអ្នកជំនាញតុបតែងមុខ ធ្វើសក់រូបនេះបានរៀបចំពិធីខួបកំណើតរបស់ខ្លួនកាលពីសប្តាហ៍មុន ។ នាងថាគាត់ជាមនុស្សស្មោះត្រង់ តស៊ូ មានសមត្ថភាពខ្ពស់ និងស្រលាញ់រាប់អាននាងដូចបងប្អូន និងតែងលើកទឹកចិត្តថែទាំនាងស្ទើរគ្រប់ពេលវេលា ។ តារាស្រីរូបនេះបន្តថា ក្រៅពីការជួយតុបតែងសម្រាប់នាង មនុស្សជំនិតរូបនេះក៏ធ្លាប់ចូលរួមកម្មវិធីប្រកួតប្រជែងការច្នៃម៉ូតសក់ ផាត់មុខលើឆាកអន្តរជាតិផងដែរ និងទទួលបានការគាំទ្រកោតសរសើរខ្លាំង ស្របពេលដែលអ្នកក្នុងចង្កោមសិល្បៈពិសេសតារាស្រីល្បីឈ្មោះជាច្រើនពេញចិត្តនិងស្នាដៃអ្នកជំនាញរូបនេះគ្រប់ៗគ្នា ។
ជាមួយគ្នានេះនាងអរគុណសម្រាប់ការជួយជ្រោមជ្រែង លើកទឹកចិត្ត និងបង្កើតគំនិតច្នៃប្រឌិត ថ្មីប្លែកសម្រាប់នាងបង្ហាញដល់ទស្សនិកជន ហើយនាងរំពឹងថាភាពស្មោះត្រង់ស្រលាញ់រាប់អានរវាងនាងនិងមនុស្សជំនិតរូបនេះកាន់តែល្អប្រសើរដូចបងប្អូនបង្កើតផងដែរ៕ វឌ្ឍនា