ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បន្តរុករកឃើញរថយន្តបាកុង៤គ្រឿង និងត្រាក់ទ័របាកុង១គ្រឿង ដុតកំទេចចោល២គ្រឿងនាល្ងាចនេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តបាកុងចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះដុតកំទេចចោល បន្ទាប់បើកយុទ្ធនាការរុករកឃើញ រថយន្តបាកុងចំនួន៤គ្រឿង និងត្រាក់ទ័របាកុង១គ្រឿង នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តបាកុងចំនួន៣គ្រឿងរកឃើញនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះ២គ្រឿងរកឃើញនៅកន្លែងជាងជុសជុលរថយន្ត កំពុងសុំគោលការណ៍ថ្នាក់លើបន្តនីតិវិធី និង១គ្រឿងរកឃើញក្នុងព្រៃត្រូវបានដុតកំទេចចោលតែម្តង។ ដោយឡែកនៅស្រុកវាលវែង សមត្ថកិច្ចក៏រកឃើញរថយន្តបាកុង១គ្រឿង បានដុតកំទេចចោល។ ចំពោះត្រាក់ទ័របាកុង១គ្រឿងរក្សាទុកជាបណ្តោះអាសន្នសិន ខណៈត្រាក់ទ័រនេះអាចទុកប្រើប្រាស់ក្នុងសកម្មភាពយុទ្ធនាការ អូសទាញសំភារៈមធ្យោបាយដឹកជញ្ជូនបទល្មើសដើម្បីប្រមូលមកដុតកំទេចបំផ្លាញចោលបាន។
គួរម្លឹកថា៖ ចាប់ពីថ្ងៃទី១៨ ដល់ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះ មានខាងកម្លាំងកងរាជអាវុធហត្ថខេត្ត-លើផ្ទៃប្រទេស រដ្ឋបាលព្រៃឈើ បរិស្ថាន នគរបាលខេត្ត-ក្រសួង អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចាប់ដុតបំផ្លាញចោលអស់ចំនួន២៥គ្រឿង និង៣គ្រឿងទៀតកំពុងរក្សាទុកបណ្តោះអាសន្ន។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់បញ្ជាអោយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ សមត្ថកិច្ច ជំនាញ ខាងកម្លាំងសន្តិសុខ បើកយុទ្ធនាការស្រាវជ្រាវបង្ក្រាប សហការជាមួយកម្លាំងថ្នាក់ជាតិ រុករករាល់សំភារៈ រថយន្ត តូចធំ គ្រប់ប្រភេទ ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើ ត្រូវដុតបំផ្លាញចូលតាមបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្នុងនោះលោកអភិបាលខេត្តជម្រុញអោយកម្លាំងទាំងអស់ធ្វើការអោយអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ដោយគ្មានយោគយល់អនុគ្រោះដាច់ខាតចំពោះបទល្មើសព្រៃឈើ មិនថានៅស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែង ឬស្រុកដទៃទៀតដែលមានបទល្មើស ដោយលោកជួយជាអង្ករដល់សមត្ថកិច្ចចម្រុះសម្រាប់ការដាក់ស្ពាយតាមខ្លួន ដើម្បីទុកដាំបរិភោគ ក្នុងព្រៃ ពេលកំពុងបើកយុទ្ធនាការបង្ក្រាប៕

ដោយ៖ បុឹម ពិន


ចែករំលែក៖