ព័ត៌មានទាន់ហេតុការណ៍៖

ទេព បូព្រឹក្ស បញ្ជាក់រឿងដើរចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្សទើបនឹងលេចចេញ​ដំណឹង​ដើរចេញពីផលិតកម្មហង្សមាស ក្រោមហេតុផលថា តារាស្រីរូបនេះផុតកិច្ចសន្យា និងមិនមានបទចម្រៀងចេញច្រើនដូចគ្រាកន្លងទៅ ។ ទោះជាយ៉ាងណា តារាស្រីរូបនេះបានបដិសេធមិនទទួលស្គាល់ដំណឹងដើរចេញពីទ្រនុំដ៏ធំមួយនេះ ។

មានការលើកឡើងថាដំណើរនៃការចាកចេញនេះគឺធ្វើឡើងក្រោយពីគូស្នេហ៍នាងគឺលោក ជា ដេវីត បានចេញពីផលិតកម្មនេះមកធ្វើជាតារាចម្រៀងឯករាជ អស់ជាង១ឆ្នាំមកហើយនោះហើយទេព បូព្រឹក្សបានផុតកុងត្រា(កិច្ចសន្យា)ជាមួយផលិតកម្ម ។ មានការលើកឡើងដែរថា នាងក៏នឹងក្លាយជាតារាចម្រៀងឯករាជថ្មីមិនខុសពីគូស្នេហ៍ ។ ទោះជាយ៉ាងណាក៏ដោយក្នុងជំនួបផ្ទាល់ថ្មីៗនេះ តារាស្រីសិចស៊ីរូបនេះលើកឡើងបែបហួសចិត្តថា មិនដឹងជាដំណឹងនេះលេចចេញដោយរបៀបណា និងគ្មានមូលដ្ឋាន ។ នាងបញ្ជាក់ថា កិច្ចសន្យាការងាររបស់នាងមានសរុបចំនួន៥ឆ្នាំហើយពេលនេះទើបតែបាន ៣ឆ្នាំប៉ុណ្ណោះ ។

នាងបន្តថា​នានៅតែជាតារាចម្រៀងប្រចាំផលិតកម្មនេះដដែល ហើយដំណឹងថ្មីនេះក៏មិនមានអ្វីដែលជះឥទ្ធិពលមដល់ការងារនាងនោះដែរ ។ ទោះជាយ៉ាងណានាងទទួលស្គាល់ថាការចេញបទចម្រៀងរបស់នាងនៅលើទីផ្សារយឺតបន្តិចបើធៀបនឹងពេលមុន ប៉ុន្តែមិនមែនបានន័យថាមិនចេញ ឬនាងដើរចេញនោះដែរ ។ នាងបញ្ជាក់បន្ថែមថា មានគម្រោងចេញបទចម្រៀងរួមគ្នាជាមួយ លោក ជា ដេវីត ដដែល បើទោះបីជាគូស្នេហ៍មិនស្ថិតក្នុងផលិតកម្មនេះក្តី ។ នាងថាផលិតកម្មមិនដែលហាមឃាត់រឿងច្រៀងរួមគ្នានេះទេ ហើយក៏មិនមានរឿងល្អក់កករ នឹងផលិតកម្មដូចពាក្យលើកឡើងនោះដែរ ។

នាងរំពឹងថា ការងារសិល្បៈរបស់នាង នឹងបន្តរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខព្រោះតែនាងបានសម្រិតសម្រាំងស្នាដៃពិសេសមួយចំនួនបង្ហាញដល់អ្នកគាំទ្រ ៕ វឌ្ឍនា


ចែករំលែក៖