ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើ សកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃុំ ។
យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ទាំងយំអួលដើមកថា មុនពេលកើតហេតុរូបគាត់បើកម៉ូតូរ៉ឺម៉ក ដែលពាក់ស្លាកលេខ ភ្នំពេញ 1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណងទៅយកផ្លែឈើនៅផ្សារដើមគ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះរត់គេចសំដៅទៅផ្សារដើមគ ដោយរូបគាត់ ក៏ស្រែកចោរៗបើកម៉ូតូរឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ ជួយដេញគាត់សោះសូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់នោះដែរ ។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលនៅក្នុងកាបូប រួមមានលុយខ្មែរនិងដុល្លារជាងមួយពាន់ដុល្លារ ទូរសព្ទដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណបណ័្ណមួយសន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសណ្ដោងរឺុម៉ករបស់ខ្លួន វិញត្រឡប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឲ្យក្រុមអ្នកយកព័ត៌មានជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឈានទៅដល់ចាប់ជនសង្ស័យនោះមកផ្ដាន្ទាទោសតាមច្បាប់ ។
គួររំលឹកផងដែរថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ នៅមុខប៉ុស្តិ៍រាល់យប់ឃើញតែនគរបាលស្លៀកពាក់សុីវិលអង្គុយផឹកសុី មិនព្រមជិះល្បាតក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ហើយជាពិសេសជិតភ្លឺតែម្ដងឧស្សាហ៍មានបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋណាស់ ដូចជាក់ស្ដែកករណីខាងលើនេះអីចឹង ។ ដូច្នេះ សូមលោកអធិការនគរបាលបាលខណ្ឌមានជ័យ ជួយពិនិត្យមើលកូនចៅទាំងនេះផង ៕ ភារ៉ា ដង្កោ