ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងទំនាក់​ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ជុំវិញព័ត៌មានក្លែងក្លាយដែលថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​ ៖​ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០១៩​បានចញ​សេចក្តី​បំភ្លឺច្រានចោលព័ត៌មានក្លែងក្លាយ​ ដែលអះអាង​ថា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានជនអាណាមិកមួយចំនួន បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ជាក់ស្តែងនៅដើមសប្តាហ៍នេះ ម្ចាស់គណនី Facebook ឈ្មោះ «Tor Nimol » និងម្ចាស់គណនី Facebook «ឈ្មោះ​ ប៉ាង សុខឿន» បានផ្សព្វផ្សាយចោទប្រកាន់មកលើលោកជំទាវ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុង រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមបញ្ជាក់ប្រាប់ថា លោកស្រី​ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅមានសុខភាពល្អបរិបូរណ៍ ហើយបច្ចុប្បន្ន លោកជំទាវ កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចុះជាប់ជាមួយប្រជាជននៅតាមមូលដ្ឋាន។

អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមច្រានចោលនូវព័ត៌មានក្លែងក្លាយទាំងនេះយ៉ាងដាច់អហង្ការ និងសូមឱ្យជនទាំងនោះបញ្ឈប់ការប្រើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដើម្បីប្រឌិតព័ត៌មានក្លែងក្លាយបែបនេះជាបន្ទាន់ និងសូមមេត្តាប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ផ្ទាល់ខ្លួន ឈប់ចែកចាយព័ត៌មាន បំផ្លើស ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីសារធារណៈជន។

អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ​ សូម​មេត្តាវែកមុខរកជនអាណាមិកទាំងនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន​ ៕ សហការី


ចែករំលែក៖