ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញភារកិច្ចជំនួសលោកវិញ។

មានប្រសាសន៍ស្វាគមន៍ តាមរយ:លោក លី អាន លោករដ្ឋមន្ត្រីបានផ្ញើជូនប្រជាជន និងរដ្ឋាភិបាលចិននូវអំណរអរគុណជាអនេក ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិនដល់ទៅ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងឆ្ពោះដោយត្រង់ទៅកាន់ទីផ្សារចិនផងដែរ។
លោករដ្ឋមន្រ្តីបានស្នើឲ្យភាគីចិន សហការជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងជំរុញចំពោះការនាំចេញផលិតផលពោតពីកម្ពុជា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា តាមរយ:ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតដើម្បីកសាង និងអភិវឌ្ឍប្រទេស។

នាឱកាសនេះ លោកលី អាន បានសម្តែងនូវអំណរគុណចំពោះពេលវេលារបស់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបនាពេលនេះ និងជាពិសេសចំពោះកិច្ចសហការយ៉ាងល្អប្រសើរដែលលោករដ្ឋមន្ត្រី និងសហការីបានផ្តល់ឲ្យលោកក្នុងឱកាសដែលលោកបំពេញបេសកកម្មនាពេលកន្លងមក។ លោកក៏សារទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ហើយបានបញ្ជាក់ថាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។ ក្រៅពីនេះ ការសិក្សាអំពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ និងមានទៅកាន់ទីផ្សារចិន គឺភាគីទាំងពីរបាននិងកំពុងចរចារយ៉ាងសកម្ម ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញកសិផលទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះផ្លែស្រកានាគ ម្រេច និងទឹកមាត់ត្រចៀកកាំគឺកំពុងរៀបចំឯកសារបច្ចេកទេស និងត្រៀមធ្វើការចរចារ។ លោក លីអាន សង្ឃឹម និងជឿជាក់ថាកិច្ចសហការនេះ នឹងត្រូវបន្តបង្កើន និងពង្រឹងបន្ថែមទៀតក្នុងអាណត្តិរបស់លោក Wu Guoquan និងសហការី ដោយភាគីចិនគាំទ្រ និងបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕

ដោយ៖ ស រស្មី


ចែករំលែក៖