ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួន ជនសង្ស័យម្នាក់ករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៤និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចមុខផ្ទះលេខ ១៧៤ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ មីន សាឡេះ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សោម សោភា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣០EO ផ្លូវ៥៦៦ ភូមិ៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះមកលេងបងប្អូន នៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់ បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះលេខ១៧៤ ត្រង់ចំណុចកើតហេតុ រួចជនរងគ្រោះ បានដើរចូលទៅក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូជិះចេញ ពេលនោះ ជនរងគ្រោះក្រឡេកឃើញ ស្រែកថាចោរៗ រួចនាំគ្នាដេញតាមជនសង្ស័យ ដល់ចំណុចការ៉ាស់សាំងតេលាផ្លូវលេខ១៩២៨ ចំពេលកម្លាំងល្បាតរបស់អធិការដ្ឋាន ឃើញហេតុការណ៍ ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HF-9185 ប្រគល់ឲ្យជនរងគ្រោះវិញ និងដែកច្នៃកាច់កម៉ូតូចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖