ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាមុខសញ្ញាជំនាញខាងបុកលូកហៅប៉ៅ និងកាបូបយកលុយនៅតាមទីប្រជុំជន និងផ្សារនានាត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ សហការជាមួយកម្លាំងសន្តិសុខរោងចក្រកាត់ដេរហុងវ៉ា ចាប់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបុកហៅប៉ាវលួចលុយពីកម្មការិនីរោងចក្រម្នាក់បានសម្រេច ។
ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅមុខរោងចក្រកាត់ដេរហុងវ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាជនសង្ស័យមានឈ្មោះទូច ស្រីអូន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ រីឯស្រ្តីរងគ្រោះឈ្មោះ អុិន សុខលីម អាយុ៥៧ឆ្នាំ មុខរបរកម្មការិនីផ្នែកអនាម័យ នៅរោងចក្រកាត់ដេរហុងវ៉ា មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ណ្ឌដង្កោ ។ ចំណែកលុយចំនួន៣០០ដុល្លារ និង១៦ម៉ឺនរៀល ដែលជនរងគ្រោះទុកក្នុងកាតការងារនោះត្រូវបានដកហូតបានមកវិញ មិនបាត់បង់ឡើយ ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា គាត់តែងតែទុកលុយនៅក្នុងកាតការងារពាក់ជាប់កជានិច្ច លុះដល់ពេលសម្រាកពីការងារទើបដោះកាតចេញពីក ដាក់ចូលទៅក្នុងកូនកាបូបស្ពាយ ។ ដោយឡែកនៅមុនពេលកើតហេតុ គាត់បានចេញពីក្នុងរោងចក្រទៅខាងមុខ ដែលមានការលក់ដូរដើម្បីរកទិញម្ហូប ស្រាប់តែស្រ្តីសង្ស័យម្នាក់នោះដើរមកបុកគាត់ទាំងកម្រោល និងបន្លំលូកយកកាតការងារនៅក្នុងកាបូបស្ពាយរបស់គាត់ ។
ប្រភពដដែលបានបន្តថា ពេលនោះគាត់មិនបានដឹងថា កាតដាក់លុយត្រូវស្រ្តីសង្ស័យលូកយកបាត់ទេ ដោយនឹកស្មានថា គ្រាន់តែដើបុកជាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដើរផុតបន្តិច គាត់ក្រឡេកមើលឃើញស្រ្តីនេះកាន់កាត ១នៅនឹងដៃ ហើយដោយមានការសង្ស័យគាត់បើកមើលកាតក្នុងកាបូបស្រាប់តែបាត់ ។ ទើបគាត់ដឹងថា ស្ត្រីសង្ស័យលួចកាតរបស់គាត់ទើបគាត់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ខណៈនោះក្រុមសន្តិសុខយាមរោងចក្រ និងនគរបាលប៉ុស្តិ៍ចោមចៅ១ជួយចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់កាតតាមនីតិវិធី ៕ សុខាសែនជ័យ