ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធឈឺ ប្ដីចេញរកប្រាក់ព្យាបាល ត្រូវមេខ្យល់បោះចោលក្នងព្រៃ វិលមកវិញ ប្រពន្ធស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ពិតជាសង្វេគ បុរសកម្សត់ម្នាក់ដាច់ចិត្តទុកកូនស្រី និងប្រពន្ធមានជំងឺប្រចាំកាយនៅនឹងផ្ទះដើម្បីចេញទៅប្រទេសថៃ តាមរយៈមេខ្យល់ ស្វែងរកប្រាក់មកព្យាបាលប្រពន្ធ តែអកុសលវិលត្រឡប់មកវិញឃើញតែធាតុនៅនឹងវត្ត ។

តាមការបកស្រាយបុរសជាប្ដីឈ្មោះឌី ចិន អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរសព្ទ័នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ប្រពន្ធរបស់គាត់មានឈ្មោះ ថា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង ។

បុរសកម្សត់រៀបរាប់ថា បានប្រពន្ធគាត់ គឺនៅទីក្រុងប៉ោយប៉ែតស្រឡាញ់គ្នាចិត្ត និងចិត្ត មិនបានរៀបការអ្វីនោះឡើយ ហើយការស្រឡាញ់គ្នាអស់រយៈជាយូរឆ្នាំមកដែរ សូម្បីតែស្រុកកំណើតខាងប្រពន្ធក៏មិនបានស្គាល់ ព្រោះតែជីវភាពប្រចាំថ្ងៃ នៅក្នុងសង្គមគ្រួសារមួយនេះ បានជាប់ចំណងនិស្ស័យកូនស្រីមួយ អាយុជាង២ខួប ឈ្មោះ ចិន ស្រីនោ ។ តែអ្វីធ្វើឲ្យមានការក្ដុកក្ដួលនោះ បុរសកម្សត់ខាងលើពេលប្រពន្ធធ្លាក់ខ្លួនមានជំងឺប្រចាំកាយដាច់ចិត្តទុកប្រពន្ធ និងកូនស្រីផ្ញើអ្នកស្រុក ហើយចងការប្រាក់គេចំនួន២០០០បាត ប្រាក់ថៃ ឲ្យមេខ្យល់ចេញទៅប្រទេសថៃ និងរកប្រាក់មកព្យាបាលជំងឺប្រពន្ធ ។

បន្ទាប់ពីចេញដំណើរមិនបានប៉ុន្មានថ្ងៃផង មេខ្យល់បំបរបង់ចោលក្នុងព្រៃពីរយប់ បីថ្ងៃដាច់បាយ ដាច់ទឹកវង្វេងផ្លូវ ។ ចំណែកប្រពន្ធនៅឯផ្ទះ ក៏ឈឺកាន់តែធ្ងន់ធ្ងរ ត្រូវអ្នកស្រុកដឹកយកទៅសង្គ្រោះនៅ និងមន្ទីរពេទ្យរដ្ឋមួយក្នុងក្រុងប៉ោយបែត ដោយពុំមានអ្នកមើលថែ ប្រពន្ធ ក៏ដាច់ខ្យលស្លាប់ចោលកូនស្រីនៅសល់តែធាតុ ។

បុរសខាងបន្ថែមថា ក្រោយពីមេខ្យដាក់ចោល រូបគេ និងមិត្តភក្តិ ក៏បានសម្រេចចិត្តវិលមកផ្ទះវិញ ទាំងប្រថុយប្រថាន ដើរតាមផ្លូវរថភ្លើងរហូតមកដល់ផ្សាររោងក្លើ ប្រទេសថៃ ឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើជាកម្មកររុញរទេះមកផ្ទះវិញ មកដល់ពាក់កណ្ដាលផ្លូវ ត្រូវអ្នកស្គាល់គ្នា ប្រាប់ថា ប្រពន្ធស្លាប់ ពេលនោះរន្ធត់ចិត្ត ហើយអ្នកដែលស្គាល់ប្រាប់ថា ឲ្យទៅទាក់ទងកន្លែងមូលដ្ឋានអាវុធហត្ថក្រុងទើបដឹងថា ប្រពន្ធស្លាប់មែន ដោយតាមរយៈលោក នួន នីគីដា ប្រគល់ធាតុប្រពន្ធឲ្យខ្លួនវិញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ដើម្បីយកទៅធ្វើបុនណ្យ ។

បុរសខាងលើអំពាវនាវដល់ប្រជាជនមួយចំនួនផងដែរ មុនសម្រេចចិត្តទៅធ្វើការនៅប្រទេសណាមួយ ត្រូវគិតឲ្យបានល្អិតល្អន់ មុនសម្រេចចិត្ត ក្រែងដូចរួបគាត់ ដែលមេខ្សល់បំបរបង់ចោលក្នុងព្រៃ ៕ នីមវណ្ណា


ចែករំលែក៖