ភ្នំពេញ៖ បច្ចុប្បន្ននេះបញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីបារម្ភជាទូទៅរបស់មហាជន និងរាជរដ្ឋាភិបាល ក្នុងមួយថ្ងៃៗករណីគ្រោះថ្នាក់ចរាចរកើតមានស្ទើគ្រប់ទីកន្លែងបាត់បង់ជីវិតមនុស្ស ខូចខាតមធ្យោបាយជាច្រើនគ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរដែលកើតឡើងនៅទូទាំងប្រទេសត្រូវបានសមត្ថកិច្ចជំនាញលើកឡើងថា កើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ។
ដោយឡែកព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ កើតមានគ្រោះថ្នាក់ចរាចរ ២លើក រវាងរថយន្ត និងរថយន្តបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្តកុងតឺន័ររងរបួសធ្ងន់កៀបជាប់នៅក្នុងកាប៊ីន ។
លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានបញ្ជាក់ថា ករណីលើកទី១បានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ១៨-១៩ ឃុំគគីរ ស្រុកកៀនស្វាយ បង្កឡើងដោយរថយន្តដឹកកុងតឺន័របើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ទៅដល់ចំនុចកើតហេតុអ្នកបើកបរងោកស្រាប់តែរេចង្កូតទៅបុករថយន្តដឹកដែកចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចក្បាលអ្នកបើកបររងរបួសធ្ងន់ ។
នៅថ្ងៃដដែលនេះដែរ វេលាម៉ោង៨,៣០នាទី ព្រឹកមានករណីគ្រោះថ្នាក់ចរាចរ១លើកទៀត បានកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ១៧_១៨ ក្នុងភូមិសាស្ត្រតែមួយរវាងរថយន្តកាមរី បាឡែន បុក ជាមួយរថយន្តដឹកខ្សាច់ បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតទាំងសងខាង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តដឹកខ្សាច់បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់កន្លែងកើតហេតុស្រាប់បែកកង់ខាងមុខបណ្តាលឲ្យរេចង្កូតចូលមកចំណែកផ្លូវម្ខាងទៀត ។ គ្រានោះរថយន្តកាមរីបាឡែនបើកបរក្នុងទិដៅផ្ទុយគ្នាតែបើកលឿនជាន់ហ្វ្រាំងអត់ទាន់ក៏បុកចំពាក់កណ្តាលរថយន្តដឹកដីបណ្តាលឲ្យបត់ក្បាលត្រឡប់ក្រោយទាំ២គ្រឿងតែម្តង ។
ដោយឡែកលោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ថា ក្នុងឆ្នាំ២០១៩នេះបញ្ហាគ្រោះថ្នាក់ចរាចរកើតមានការថយចុះ ប៉ុន្តែកន្លងមកគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ចំណែកកត្តាទី២គឺកត្តាផ្លូវថ្នល់ និងកត្តាទី៣គឺកត្តាយានយន្ត ។ កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ បើកបរមានជាតិស្រវឹង បើកបរមិនគោរពច្បាប់ចរាចរ ។ កត្តាផ្លូវមិនមែនសំដៅទៅលើផ្លូវខូចខាត ផ្លូវចង្អៀត ឬផ្លូវកាច់កោងនោះទេ គឺសំដៅទៅលើផ្លូវល្អ ស្អាតហើយ តែផ្លូវមានតែមួយដូច្នេះអ្នកបើកបរត្រូវតែធ្វើដំណើរលើផ្លូវតែមួយរួមគ្នាពេលបើកប្រជែងម្តងៗតែងតែរំលោភទៅលើគន្លងផ្លូវម្ខាងទៀតបង្កឲ្យមានការប៉ះទង្គិចកើតឡើងជៀសមិនផុតនោះឡើយ ។ មួយផ្នែកទៀតផ្លូវល្អ ស្អាត មានគន្លងសម្រាប់យានយន្តធ្វើចរាចរ តែអ្នកបើកបរអត់គោរពគន្លងផ្លូវធ្វើចរាចរទាល់តែសោះ ចំនុចនេះគឺជាដើមហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរ ។ ដោយឡែកកត្តាយានយន្តជាកត្តាទី៣ ចង់បញ្ជាក់ថាគ្រោះថ្នាក់ចរាចរដែលកើតឡើងដោយសារកត្តាយានយន្តគឺសំដៅទៅលើយានយន្តចាស់ គ្មានប្រព័ន្ធសុវត្ថិភាពស្របទៅតាមលក្ខណៈបច្ចេកទេសរបស់យានយន្ត ។
លោកអធិការបានបន្តថា ចំពោះមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរដែលរក្សាទុកនៅក្នុងបរិវេណនៃអធិការដ្ឋាននគរបាលស្រុកនេះ មិនមែនសមត្ថកិច្ចមិនសម្របសម្រួលដោះស្រាយឲ្យភាគីទាំងសងខាងនោះទេ គឺសំណុំរឿងទាំងអស់ស្ថិតនៅលើចំណាត់ការរបស់តុលាការ ។ ពេលកើតហេតុពីដំបូងសមត្ថកិច្ចស្រុកបានព្យាយាមដោះស្រាយជំហានដំបូងជូនភាគីទាំងសងខាង ពេលខ្លះក៏ត្រូវរ៉ូវគ្នាបញ្ចប់រឿងដោយសំណង ដោយឡែកករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ឬរបួសជាច្រើននាក់មិនអាចបញ្ចប់ត្រឹមចំណាត់របស់សមត្ថកិច្ចស្រុកនោះឡើយ គឺត្រូវតែបញ្ជូនសំណុំរឿងទៅដោះស្រាយនៅតុលារការ ចំណែកមធ្យោបាយរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ។ ដូច្នេះហើយទើបធ្វើបរិវេណនៃអធិការពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ៕ សណ្តោស