ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការភូមិភាគ៥(កម្ពុជា)ជួបជាមួយ មេបញ្ជាការភូមិភាគ១(ថៃ)ក្នុងទិវាដាំដើមឈើអាស៊ាន

ចែករំលែក៖

ខេត្តស្រះកែវ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ (កម្ពុជា) បានជួបជាមួយ លោកឧត្តមសេនីយ៍ទោ ណាក់រុងផាន់ ជិតកែវធែ មេបញ្ជាការកងទ័ពភូមិភាគទី១(ថៃ)ជាសហប្រធាន បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាន ។

នៅក្នុងពិធីដាំដើមឈើអាស៊ាន ដែលប្រារព្ឋធ្វើនៅក្នុង ភូមិឆងខែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា៖ ពិធីដាំដើមឈើអាស៊ាន តាមបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ាន ប្រចាំឆ្នាំ២០១៩ គឺដើម្បីជាការរអភិរក្សធនធានព្រៃឈើធម្មជាតិ ឲ្យមានចីរភាព ក៏ដូចជាការតភ្ជាប់ព្រៃឈើរបស់ ព្រះរាជាណាចក្រថៃ ជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជាព្រៃឈើតែមួយជាមួយគ្នា ។

លោកក៏បានបន្តទៀតថាការដាំដើមឈើរួមគ្នា គឺជាសក្ខីភាពមួយបង្ហាញនូវការវិវឌ្ឍ ជាវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាពដល់ល្អប្រពៃណីរវាងប្រទេសយើងទាំងពីរ ស្របតាមមាគ៌ាជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៧ កន្លងមកថ្មីៗនេះ ។

ហើយការដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែននាឱកាសនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតនូវការការពារ ជីវិតមនុស្ស ជីវិតសត្វ និងបង្កើតនូវអេកូឡូហ្សី ព្រមទាំងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតនៅតាមបរិវេណព្រំដែនរបស់ប្រទេសទាំងពីរ ក៍ដូចជាការឆ្លើយតបទៅនឹងកាប្រឈមជាមួយគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ។

នៅក្នុងពិធីដាំដើមឈើអាស៊ាននេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាល ខេត្តស្រះកែវ លោកអភិបាលរងខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្តបាត់ដំបង ព្រមទាំង អស់លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ផងដែរ ៕

ដោយ៖ សហការី


ចែករំលែក៖