ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់ ដែលបង្កឡើងដោយអ្នកបើកបរស្ទើរភ្លើងរបស់មន្ទីរពេទ្យបង្អែក (ចំការចេក ) ខេត្តព្រះសីហនុ ។
តាមរបាយការណ៍ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេងកាល់តិច ឃ្លាំងលើស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាក TOYOTA ពាក់ស្លាកលេខរដ្ឋ 12( 2.0336) ពណ៌ស ជារថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែក (ចំការចេក) ខេត្តព្រះសីហនុ បើកបរដោយ ឈ្មោះ ប៊ុន គឹមឈាន់ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ជាកម្មករបើកបររថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខាងលើ មានទីលំនៅភូមិ០៤ សង្កាត់លេខ៤ ក្រុង. ខេត្តព្រះសីហនុ ក្រោយពេលបង្កហេតុភ្លាមៗបានរត់គេចខ្លួនដោយសុត្ថិភាព ។ ដោយឡែកយុវជនរងគ្រោះឈ្មោះអេង សុខេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាព្រូរថយន្ត មានស្រុកកំណើតភូមិដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតបើកបរម៉ូតូម៉ាក HONGDA. C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1N.4125 ជនរងគ្រោះស្លាប់ភ្លាមៗក្នុងកន្លែងកើតហេតុ ។
អ្នកដែលបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរមានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុបញ្ច្រាសទិសគ្នា ជាមួយម៉ូតូជនរងគ្រោះ លុះដល់ចំណុចខាងលើអ្នកបើកបរវ័យក្មេងចេះស្ទើរៗ បានបន្ថែមល្បឿនជែងជាមួយរថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរខាងមុខរថយន្តបង្ករំលោភទៅលើផ្លូវអាទិ៍ភាពជនរងគ្រោះដែលកំពុងបើកបរម៉ូតូបានបុកម៉ូតូ ជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ និងម៉ូតូប៉ើងខ្ទាតធ្លាក់ចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសម្រួលចរាចរ និងរុំសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ។ ឯវត្ថុតាងរថយន្តបង្ក និង ម៉ូតូជនរងគ្រោះសមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នានយាយរិះគន់ចំៗទៅលើអ្នកបើកបររថយន្តខាងលើ ក៏ដូចជាធ្វើររិះគន់ធ្ងន់ៗទៅលើលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក(ចំការចេក) ខេត្តព្រះសីហនុថា មិនមានការអប់រំដល់កម្មករជុំនាញដែលបំរើការងារនៅក្នុងមន្ទីរពេទ្យបង្អែក ។ ពួកគាត់បានបន្តឲ្យដឹងទៀតថា បើទោះបីជារថយន្តសង្គ្រោះបន្ទាន់មានសិទ្ធធំប៉ុនមហាមេឃ ក៏ដោយ តែប្រធានមន្ទីរពេទ្យត្រូវចេះអប់រំ ក្រើនរំលឹកអំពី(ច្បាប់ចរាចរបើកបរ) និងមានក្រមសីលធម៌ . សុជីវធម៌ និងមានការលើកលែងសន្តោសប្រណីដល់ជីវិតអ្នកដទៃដែលកំពុងចរាចរនៅលើទ្រូងផ្លូវដូចគ្នាមិនត្រូវសំអាងថាជារថយន្តមានសិទ្ធចង់បុកមនុស្សស្លាប់ដូចបុកសត្វ ក៏មិនមានទោសនោះទេសំណាងចេះចុះរត់គេចខ្លួនទាន់ពេលសាច់ញាតិជនរងគ្រោះមិនទាន់មកដល់ កុំអីការស្រាយកំហឹងរបស់គ្រួសារសព មិនដឹងទៅជាយ៉ាងណានោះទេ ជនបង្ក ។
ដោយឡែកលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខាងលើ លោកបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងទេ ជុំវិញហេតុការណ៍ខាងលើនេះ ព្រោះលោកជាប់រវល់ភារកិច្ចនៅតាមខេត្តផ្សេង ៕ ឆ្លាម សមុទ្រ