ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

ការបាញ់ប្រហារ នៅអាមេរិក គឺជាក្តីបារម្ភយ៉ាងខ្លាំងពីពីសំណាក់ប្រជាពលរដ្ឋ ដោយការបាញ់ប្រហារមិនមែនបង្កឡើងដោយក្រុមភេរវកម្មនោះឡើយ គឺពលរដ្ឋរបស់ខ្លួនឯងផ្ទាល់ ។​ រហូតមកទល់ពេលនេះ អាមេរិកមិនទាន់មានវិធានការរិតបន្តឹងច្បាប់​​ប្រើប្រាស់កាំភ្លើងនៅឡើយទេ ។​ចំណែកប្រទេសផ្សេងទៀតពលរដ្ឋ ស្ម័គ្រចិត្តយកកាំភ្លើងទៅដូរយកប្រាក់វិញតាមសំណើរដ្ឋាភិបាល ក្នុងនោះមានប្រទេស នូវេសាឡង់ជាដើម ។

ការបាញ់ប្រហារ នៅអាមេរិកកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ណ្តាលឲ្យបាត់បង់ជីវិត​៤នាក់ និង១៥នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។ ប៉ូលិស​ក្នុងតំបន់​បានទទួលដំណឹង​នៅវេលាម៉ោង៥និង៣០នាទី​ល្ងាច (ម៉ោងនៅក្នុងតំបន់) ថា មានករណីបាញ់ប្រហារ​នៅសួនឧទ្យាន​ Christmas Hill ។ ប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់​បានទៅដល់​ទីតាំងបាញ់ប្រហារ ពិនិត្យស្ថានការណ៍​នៅតំបន់សួនឧទ្យាន Christmas Hill ស្ថិតនៅទីក្រុង San Joses រដ្ឋកាលីហ្វ័រនីញ៉ា ទីកន្លែងដែលកំពុងប្រារព្ធពិធីបុណ្យ Gilroy Garlic ប្រព្រឹត្តទៅដូចរាល់ឆ្នាំនោះ ។

ប៉ូលិសបានថ្លែងថា មនុស្សជាច្រើននាក់​រងនូវការបាញ់ប្រហារ ។ សារព័ត៌មាន NBC Bay Area បានផ្សាយថា មនុស្ស​១១នាក់​បានស្លាប់ ។ ប៉ុន្តែ​នៅពេលបន្តិច​ក្រោយមក ប៉ូលិស​បានបញ្ជាក់នៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា មនុស្ស​៤នាក់បានស្លាប់ ។ កាសែតញូវយ៉កថាម បានផ្សាយថា មនុស្ស៤នាក់​បានស្លាប់ និង១៥នាក់ផ្សេងទៀត​បានរងរបួស ហើយខ្មាន់កាំភ្លើង​ត្រូវប៉ូលិសចាប់ខ្លួន ។

នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ។ ប៉ុន្តែសាក្សី​ម្នាក់​បានបញ្ជាក់ថា ខ្មាន់កាំភ្លើង​គឺជាមនុស្សប្រុស​អាយុ​ប្រហែល​២០ឆ្នាំប៉ុណ្ណោះ បានបើកការបាញ់រះ​ទៅលើហ្វូងមនុស្ស​ដែលចូលរួមក្នុងពិធីបុណ្យ​នោះតែម្តង ៕


ចែករំលែក៖