ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបង្រ្កាប

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលផ្នែកប្រឆាំបទល្មើសក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលស្វាយរលំ ចុះធ្វើការបង្រ្កាបឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម៤នាក់ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបនេះ ធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង២២និង១០នាទី  ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្ដីនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានមានគ្នា៤នាក់ ទី១-ឈ្មោះ  អន សុរស់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ហាន ចិត្រ  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទី៣.ឈ្មោះ គិត សុរង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទី១ ទី២និងទី៣មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យទី៤.ឈ្មោះ ណាំ ទូច ហៅប៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រតិបត្ដិការខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបានមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន៦កញ្ចប់តូច ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បានធ្វើការចុះល្បាតក្នុងភូមិសាស្រ្តដើម្បីការសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកចំណុចកើតហេតុខាងលើ ក៍ជួបនឹងជនសង្ស័យឈ្មោះ អន សុរស់ ភេទប្រុស កំពង់ឈរលើផ្លូវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៍ឃាត់សួរនាំ រួចឆែកបានរកឃើញម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន៦កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់ចំនួនមួយ ក្នុងពេលជាមួយគ្នានោះផងដែរ ខណៈកំពុង់ឆែកឆេរលើជនសង្ស័យ ស្រាប់តែជនសង្ស័យ៣នាក់ទៀត ដែលមានខ្លះដើរ នឹងខ្លះទៀតជិះម៉ូតូ បម្រុងមកទិញថ្នាំញៀនពីឈ្មោះ អន សុរស់ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បន្ដឃាត់ខ្លួនបន្ថែមទៀត  រួមទាំងវត្ថុតាងខាងលើ យកមកអធិការដ្ឋានដើម្បីចាត់ការតាមនិតីវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ហាន ចិត្រ ,ឈ្មោះ គិត សុរង និនិងឈ្មោះ ណាំ ទូច បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀននេះ ពីឈ្មោ អន សុរស់ ពីរបីដងមកហើយ ដើម្បីយកទៅប្រើប្រាស់ ៕ ស្អាងជ័យ

 

 


ចែករំលែក៖