ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូ ស្រាប់តែមានរថយន្ដមួយគ្រឿងបើកមិនប្រកាន់ស្ដាំមកបុកចំពីមុខពេញមួយទំហឹង នៅវេលាម៉ោង២១ និង១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សួ គីមសាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាក HONDA ZOOMERX ពណ៌ស+ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GH-6652 ។ ចំណែករថយន្ដបង្កម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-6263 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាក CRV បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ២១A លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដបង្កខាងលើនេះ បានរេចង្កូតមកឆ្វេង (មិនប្រកាន់ស្ដាំ) ក៏មកបុកម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដ បានទុករថយន្ដរបស់ខ្លួនចោលរួចរត់គេចខ្លួនបាត់ស្រមោល ។​

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបាន បងប្អូនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចចរណ៍ក្រុងតាខ្មៅ ធ្វើការចុះវាស់វែងនិងកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើករថយន្តម៉ាក CRV បើកចូលចំណែកផ្លូវខាងម៉ូតូzoomer x ។ ចំណែកអ្នកបើកម៉ូតូ zoomed x បើកបរក្នុងល្បឿនលឿន ៕ ស្អាង​ជ័យ​


ចែករំលែក៖