ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរស២នាក់ស្រវឹងស្រា ហើយបើករ៉ឺម៉កម៉ូតូបញ្ច្រាសផ្លូវមកបុកពេញទំហឹង និងបណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ហើយស្រែកថា ចោរៗបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអតីតគណៈបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់ ដែលមានស្ថានភាពស្រវឹងស្រាជាខ្លាំង បានបើករ៉ឺម៉កម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ទាំងបញ្ច្រាសទិសដៅចរាចរណ៍ ហើយស្រែកថាចោរៗ រួចក៏បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3127 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ចំប្រឆិតចហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ចំណែករ៉ឺម៉កម៉ូតូខាងលើ ក៏បានរេចង្កូតទៅមុខបន្តិចក្រឡាប់ផ្ងារជើងម្ខាងធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយកើតហេតុ បុរសរងគ្រោះម្ចាស់ម៉ូតូស្មាក់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យចុះមកដឹក យកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត ។ ចំណែកបុរស២នាក់ភាគីខាងរ៉ឺម៉កម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ និងធ្វើការវាស់វែងយករ៉ឺម៉កម៉ូតូ និងម៉ូតូរងគ្រោះ យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ាដង្កោ