ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសត្វមាន់ ចំណុះ៥តោន បើកមិនប្រកាន់ស្តាំ បុកគ្នាជាមួយរថយន្តដឹកកម្មករ របួសធ្ងន់ស្រាល៤៣នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួរវាងរថយន្តដឹកកម្មករ បុកគ្នាជាមួយរថយន្តដឹកមាន់ ចំណុះ៥តោនបណ្តាលឲ្យកម្មករ កម្មការិនីរងរបួសធ្ងន់ ស្រាល ៤៣នាក់ ក្នុងនោះប្រុស១០នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិគៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា រថយន្តដឹកកម្មករម៉ាកសាំយ៉ុង ស្លាកលេខ កំពង់ស្ពឺ 2 A 3239 បើកបរដោយឈ្មោះ និង សារ៉េត ភេទប្រុស អាយុ២៩ ឆ្នាំ ដឹកកម្មករ បានបុកគ្នា ជាមួយរថយន្តធុនធំម៉ាកហ៊ីយន់ដាយ ស្លាកលេខ ភ្នំពេញ3C 4662 ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុការណ៍នេះឡើង រថយន្តដឹកកម្មករបើកបរពីលិចមកកើតឆ្ពោះទៅតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ខណៈដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកមាន់ចំណុះ៥តោន បើកបរមិនប្រកាន់ស្តាំរេចង្កូតមកបុករថយន្តដឹកកម្មករពេញទំហឹងបណ្តាលឲ្យកម្មករចាក់ចោលលើថ្នល់រងរបួសធ្ងន់ស្រាលរដូករណែលពេញផ្លូវតែម្ដង ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា កម្មករដែលរងគ្រោះគឺមកពីឃុំ អង្គតាសូ​ និងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ហើយជារៀងរាល់ព្រឹក រថយន្តដឹកកម្មករតែងតែបើករថយន្តទៅយកកម្មករតាមផ្ទះដើម្បីទៅនៅក្រុងបាវិត ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តបង្កហេតុ និងអ្នករួមដំណើរត្រូវជាព្រូ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗមកសាកសួរផងដែរ ។

ទោះបីយ៉ាងណារហូតដល់ម៉ោង១១ និង០០នាទីថ្ងៃដដែលនេះ ចំនួនអ្នករបួសនៅតែ៤៣នាក់ដដែលក្នុងនោះរបួសធ្ងន់១៥នាក់ និងស្រាល២៨នាក់ ហើយមានការយកចិត្តទុកពីអាជ្ញាធរ និងក្រុមគ្រូពេទ្យក្នុងការជួយសង្គ្រោះ ក្នុងនោះក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែតចំនួន៣នាក់របួសធ្ងន់ផងដែរ ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួមទាំងមានវត្តមានលោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្តកម្លាំងគ្រប់ផ្នែកបានចុះអន្តរាគមន៍ជួយលើកជនរងគ្រោះនាំទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីជួយសង្គ្រោះ​ ចំណែកជនបង្ករដែលបើកបររថយន្តដឹកមាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ នាំទាំងរថយន្តបង្ករមកកាន់ការិយាល័យចរាចរណ៍ជើងគោកខេត្តដើម្បីដោះស្រាយតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ បានបណ្តាលឲ្យកម្មករពីរនាក់បានស្លាប់ និងកម្មករកម្មការិនីជាង៣១នាក់ទៀត បានរងរបួសធ្ងន់ស្រាលស្ថិតក្នុងភូមិកំពង់រទេះ ស្រុកស្វាយទាបខេត្តស្វាយរៀងដោយសារតៃកុងស្ទើរភ្លើងបើកបរខ្វះការប្រុងប្រយត្ន័ ។

សរុបគ្រោះថ្នាក់ចរាចរណ៍ទាំងពីរថ្ងៃនេះមានកម្មករស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៧៥នាក់នេះ ចាត់ទុកគ្រោះថ្នាក់ចរាចរដ៏អាក្រក់មួយសំរាប់ខេត្តស្វាយរៀង ហើយក៏មិនមែនជាលើកទី១ដែរគឺមានជាច្រើនលើកជាច្រើនសារមកហើយ ដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍៕ យឹម សុថាន


ចែករំលែក៖